អ្នកនាំពាក្យក្រសួងការបរទេសលោក សេអូដូរ៉ូស ហ្កត់ស៊ីស ( Theodoros Gotsis) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកោះស៊ីប បានបង្កើនការត្រៀមលក្ខណៈរបស់ខ្លួនសម្រាប់សក្តានុពលក្នុងការដោះស្រាយការជម្លៀសជនបរទេសយ៉ាងច្រើនពីប្រទេសលីបង់។

លោក ហ្កត់ស៊ីស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីបថា៖«ការត្រៀមរៀបចំ គឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត ទាំងទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានការអារម្មណ៍ពិសេស និងក្នុងប្រទេសរវាងសេវាកម្មមានសមត្ថកិច្ចផ្សេងៗ» ។

កោះស៊ីប បានដំណើរការផែនការជម្លៀស «Estia»របស់ខ្លួនសម្រាប់ការទទួល និងធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋបរទេសពីតំបន់ដែលមានវិបត្តិ រៀបចំកន្លែងសម្រាប់ទទួលមនុស្សជាបណ្តោះអាសន្ន និងសម្របសម្រួលការចាកចេញរបស់ពួកគេ តាមអាកាស។
លោក ហ្កត់ស៊ីស បាននិយាយថា រហូតមកដល់ពេលនេះ ពុំទាន់មានការស្នើសុំជំនួយជាក់ស្តែងទេ។
សារព័ត៌មាន Cyprus Mail បានរាយការណ៍កាលពីថ្ងៃពុធថា ចក្រភពអង់គ្លេស (UK) កំពុងផ្លាស់ប្តូរ កងទ័ព ទៅកាន់ប្រទេសកោះស៊ីប ដើម្បីជួយប្រជាជនរបស់ខ្លួន ចាកចេញពីប្រទេសលីបង់។
គេប៉ាន់ប្រមាណថា ជនជាតិអង់គ្លេសប្រហែល ១០.000នាក់ និងជនបរទេសជាច្រើនពាន់នាក់ទៀត កំពុងស្ថិតនៅក្នុងប្រទេសលីបង់។