បណ្តាញព័ត៌មាន Axios រាយការណ៍ដោយដកស្រង់សម្តីអ្នកការទូតលោកខាងលិច និងអ៊ីស្រាអែលថា ចលនហេសបូឡា Shia ត្រូវបានចោទប្រកាន់ថា បានជំរុញឲ្យអ៊ីរ៉ង់បើកការវាយប្រហារលើអ៊ីស្រាអែល ប៉ុន្តែរហូតមកទល់ពេលនេះ ទីក្រុងតេអេរ៉ង់ បានបដិសេធ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំនៃចលនានេះ បានជំរុញឲ្យអ៊ីរ៉ង់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ធ្វើការវាយប្រហារមួយ ជាការសងសឹកចំពោះការធ្វើឃាតរបស់អ៊ីស្រាអែលលើមេដឹកនាំក្រុមហាម៉ាស អ៊ីស្មេល ហានីយេ ( Ismail Haniyeh) នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ៣១ ខែកក្កដា។ សារព័ត៌មាន Axios កត់សម្គាល់ថា៖«មន្រ្តីអ៊ីរ៉ង់ បានប្រាប់សមភាគី ហេសបូឡារបស់ពួកគេថា«មិនទាន់ដល់ពេល»សម្រាប់ការបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ដោយសារតែប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បច្ចុប្បន្ន កំពុងនៅទីក្រុងញូវយ៉កសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ»។
មន្ត្រីអ៊ីស្រាអែល បានប្រាប់សារព័ត៌មាននេះថា រដ្ឋាភិបាល បានណែនាំកងកម្លាំងការពារអ៊ីស្រាអែល( IDF) ឲ្យចៀសវាងជំហានដែលនឹងផ្តល់ឲ្យប្រទេសអ៊ីរ៉ង់នូវហេតុផល ឬលេស ដើម្បីចូលរួមក្នុងការប្រយុទ្ធនេះ»។

ជម្លោះរវាងអ៊ីស្រាអែល និងចលនាហេសបូឡាដែលមានមូលដ្ឋាននៅលីបង់ បានកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីមានការផ្ទុះឧបករណ៍ទំនាក់ទំនងជាច្រើន បានកើតឡើង នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃទី ១៧ និង ១៨ ខែកញ្ញា។ ក្រុមហេសបូឡា បានស្តីបន្ទោសការផ្ទុះទាំងនេះ ទៅលើអ៊ីស្រាអែល។ អាជ្ញាធររដ្ឋជ្វីហ្វមិនបានធ្វើអត្ថាធិប្បាយដោយចំហអំពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែបានប្រកាសបង្កើនប្រតិបត្តិការយោធា នៅភាគខាងជើង។