ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ បញ្ជាក់ថា ការបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មិនមែនជារឿងសំខាន់ទេ ប៉ុន្ដែអ្វីដែលសំខាន់គឺការរួមគ្នាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការបន្តអភិឌ្ឍន៍តាមព្រំដែនភូមិភាគឦសានរបស់កម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានប្រកាសបញ្ចប់ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ប៉ុន្ដែក្រោយការប្រកាសបញ្ចប់នេះក៏មានការលើកឡើងពីបងប្អូនប្រជាពលរដ្ឋមួយចំនួនរឿងនេះតែរឿងនេះជារឿងតូចណាស់ ចំណែកគោលដៅធំរបស់រាជរដ្ឋាភិបាលដែលត្រូវគិតគូរ គឺការបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តទិសឦសានឱ្យមានការរីកចម្រើនថែមទៀត។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលគិតជាថវិកាបានជាង ២១ លានដុល្លារហើយដោយមានពលរដ្ឋជាង ៧០ ម៉ឺននាក់បានចូលរួម ក្នុងស្មារតីសាមគ្គីភាព និងស្នេហាជាតិ ដើម្បីចូលរួមកសាងផ្លូវក្រវាត់ព្រំដែនខេត្តទិសឦសានរបស់កម្ពុជា។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានវិនិយោគថវិកាប្រមាណ ៤០០ លានដុល្លារ នៅខេត្តភូមិភាគឦសានទាំង ៤ របស់កម្ពុជា ក្នុងក្របខណ្ឌអភិវឌ្ឍន៍រួម។ ក្រៅពីនេះ ក៏មានការចូលរួមអភិវឌ្ឍន៍ពីដៃគូអភិវឌ្ឍនានា មានដូចជា ជប៉ុន កូរ៉េ និង ADB ជាដើម មានចំនួន ៣៥០០ លានដុល្លារផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា