រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ( Wang Yi) កាលពីថ្ងៃពុធ បានជួបជាមួយលោក ចូសិប បូរ៉ែល ( Josep Borrell) អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ នៅខាងក្រៅសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក។
លោក វ៉ាង ក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បាន សម្តែងការពេញចិត្តចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់លោក បូរ៉ែល ក្នុងនាមជាប្រមុខការទូតរបស់ EU លើការលើកកម្ពស់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
លោក វ៉ាង បាននិយាយថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហភាពអឺរ៉ុប ផ្តល់ផលប្រយោជន៍ ដល់ភាគីទាំងសងខាង និងស្របតាមផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ពួកគេ ព្រមទាំងបំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ។
លោក បានថ្លែងថា នៅក្នុងពិភពលោកដែលរួបរឹតដោយភាពចលាចល និងបញ្ហាប្រឈមពាក់ព័ន្ធគ្នា ប្រទេសចិន និងសហភាពអឺរ៉ុប គួរតែបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ គោរព និងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយរួមចំណែកដល់ស្ថិរភាពនៃស្ថានភាពអន្តរជាតិ និងតំបន់ និងការអភិវឌ្ឍ និងវឌ្ឍនភាពរបស់មនុស្សជាតិ។
លោក វ៉ាង បាននិយាយថា គេសង្ឃឹមថា សហភាពអឺរ៉ុប នឹងប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្ត្ររបស់ខ្លួន លុបបំបាត់ការជ្រៀតជ្រែកពីខាងក្រៅ និងជំរុញឲ្យមានស្ថិរភាព និងការអភិវឌ្ឍទំនាក់ទំនងចិន-សហភាពអឺរ៉ុប។
ចំណែកលោក បូរ៉ែល បាននិយាយថា ការកើនឡើងរបស់ប្រទេសចិន គឺជានិន្នាការប្រវត្តិសាស្ត្រដែលមិនអាចបញ្ឈប់បាន។ ចិន គឺជាប្រទេសខ្លាំងមួយរួចទៅហើយ ហើយនឹងបន្តរីកចម្រើនខ្លាំងជាងមុន។ ពិភពលោក ត្រូវការចិន ហើយអឺរ៉ុប គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។