សេវាសារព័ត៌មានរបស់អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់មានកុមារចំនួន ១៦.៨៥៩នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលជាលទ្ធផលនៃអរិភាពដែលកំពុងបន្តនេះ។
យោងតាមស្ថិតិដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ពួកគេ ទារកទើបនឹងកើត ១៧១នាក់ និងទារកអាយុក្រោម១២ខែ ចំនួន ៧១០នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយត្រូវបានគេនិយាយថា អនីតិជនចំនួន ៣៦ នាក់ទៀត បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។
សេវាសារព័ត៌មាននេះ បានបន្ថែមថា កុមារចំនួន ២៥.៩៧៣នាក់ បានបាត់បង់ឪពុកម្តាយម្នាក់ ឬទាំងពីរនាក់ ហើយប្រហែល ៣.៥០០នាក់ កំពុងស្ថិតក្នុងស្ថានភាពស្រេកឃ្លាន។
មុននេះ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ៤១.៤៩៥ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមានការកើនឡើងភាពតានតឹង ខណៈដែលមនុស្ស ៩៦.០០៦ នាក់ផ្សេងទៀត បានរងរបួស។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រា អែល និងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ជាការឆ្លើយតប អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានបើកការវាយប្រហារលើតំបន់នេះ និងតំបន់មួយចំនួនក្នុងប្រទេសលីបង់ និងស៊ីរី ហើយបន្ទាប់មកបានបន្តធ្វើប្រតិបត្តិការជើងគោក នៅក្នុងទឹកដីនេះ។