សភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានអនុម័តយ៉ាងលើសលប់លើសេចក្តីស្នើច្បាប់ផ្តល់មូលនិធិរយៈពេលខ្លី ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលដែលនឹងខិតចូលមកដល់។ ព្រឹទ្ធសភា បានបោះឆ្នោតក្នុងសំឡេង ៧៨ទល់នឹង១៨ កាលពីល្ងាចថ្ងៃពុធ ដើម្បីជម្រះវិធានការ បន្ទាប់ពីការអនុម័តរបស់សភាដោយសំឡេង៣៤១ ទល់នឹង៨២សំឡេង។ ការប្រឆាំងទាំងអស់នៅក្នុងសភាទាំងពីរ គឺមកពីគណបក្សសាធារណរដ្ឋ។
កញ្ចប់ ដែលត្រូវបានចរចាដោយប្រធានសភា លោក Mike Johnson និងគណបក្សប្រជាធិបតេយ្យដែលនាំមុខ នឹងរក្សាការផ្តល់មូលនិធិរបស់រដ្ឋាភិបាលក្នុងកម្រិតបច្ចុប្បន្ន រហូតដល់ថ្ងៃទី២០ ខែធ្នូ ដោយកំណត់ដំណាក់កាលសម្រាប់ការទប់ទល់ថវិកាមួយផ្សេងទៀតរយៈពេលបីខែបន្ទាប់។ វាក៏រួមបញ្ចូលផងដែរនូវទឹកប្រាក់បន្ថែមចំនួន២៣១លានដុល្លារអាមេរិកសម្រាប់អង្គភាពសេវាសម្ងាត់ ដើម្បីបង្កើនធនធានរបស់ទីភ្នាក់ងារ ទាក់ទងនឹងសន្តិសុខនៃយុទ្ធនាការប្រធានាធិបតី បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតជាក់ស្តែងពីរលើកលើអតីតប្រធានាធិបតី លោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។
លោក Trump បានទាមទារជាសាធារណៈឲ្យ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បង្ខំឱ្យមានការបិទរដ្ឋាភិបាល ប្រសិនបើពួកគេមិនអនុម័តនូវអ្វីដែលគេហៅថាច្បាប់ធានាដល់អ្នកមានសិទ្ធបោះឆ្នោតរបស់អាមេរិក ដែលនឹងតម្រូវឱ្យពលរដ្ឋអាមេរិកទាំងអស់ត្រូវបង្ហាញភស្តុតាងថាជាពលរដ្ឋ ដើម្បីចុះឈ្មោះបោះឆ្នោត ទោះបីជាវាខុសច្បាប់រួចទៅហើយសម្រាប់អ្នកមិនមែនពលរដ្ឋអាមរិកដើម្បីបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធក៏ដោយ។
នៅពេលនេះ សេចក្តីស្នើច្បាប់ត្រូវបានបញ្ជូនទៅប្រធានាធិបតី លោក Joe Biden ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាយ៉ាងឆាប់រហ័សឲ្យចូលជាច្បាប់ មុនពេលការផ្តល់មូលនិធិរបស់រដ្ឋាភិបាលបច្ចុប្បន្នផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា នៅពេលឆ្នាំសារពើពន្ធ បញ្ចប់។