ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា វិធានការនានារបស់សហរដ្ឋអាមេរិក ដើម្បីពន្លឿនដល់ការគាំទ្រ សម្រាប់ប្រទេសអ៊ុយក្រែន នឹងត្រូវបានប្រកាស នៅថ្ងៃព្រហស្បតិ៍នេះ ដោយនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីជួយប្រជាជនអ៊ុយក្រែនកសាងប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញ ដោយសារការលុកលុយរបស់រុស្ស៊ី។
លោក Biden ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានជួបប្រជុំគ្នា ជាមួយបណ្ដាមេដឹកនាំពិភពលោកផ្សេងទៀត នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីបង្ហាញការរួបរួមគ្នាយ៉ាងខ្លាំងក្លា សម្រាប់អ៊ុយក្រែន។
កាលពីថ្ងៃពុធ (ទី២៥ ខែកញ្ញា) នៅក្នុងការប្រកាសរួមគ្នា ដើម្បីជួយគាំទ្រការងើបឡើងវិញផ្នែកសេដ្ឋកិច្ច និងការស្ដារប្រទេសឡើងវិញរបស់អ៊ុយក្រែន លោក Biden បាននិយាយថា៖ «យើងប្តេជ្ញាផ្តល់ឲ្យអ៊ុយក្រែននូវធនធានដែលត្រូវការ ដើម្បីស្ដារប្រទេសឡើងវិញឲ្យរឹងមាំជាងមុន។ យើងចង់ប្រាប់ថា អ្នកមិនឯកោនោះឡើយ នៅក្នុងការប្រយុទ្ធនេះ»។
សេចក្តីថ្លែងការណ៍រួមនេះ មានការគាំទ្រពីជាង ៣០ប្រទេស ក្នុងនោះរួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗចំនួន ៧ ផងដែរ។ ច្បាប់ចម្លងនៃសេចក្តីប្រកាសនោះដែលត្រូវបានចែកចាយដោយសេតវិមាន បានលើកឡើងថា វាគឺជាការទទួលខុសត្រូវរបស់រុស្ស៊ី ក្រោមច្បាប់អន្តរជាតិ ក្នុងការសងការខូចខាត ដែលខ្លួនបានបង្កឡើងក្នុងប្រទេសអ៊ុយក្រែន៕