អាហ្វហ្គានីស្ថាន៖ ពលរដ្ឋដែលបានជម្លៀសខ្លួននៅក្នុងប្រទេសរាប់រយនាក់ មកពីភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបានរស់នៅអស់ជាច្រើនឆ្នាំ ក្នុងតំបន់ក្រីក្រនៅក្នុងផ្ទះបណ្តោះអាសន្ន។ ពួកគេសង្ឃឹមថា រដ្ឋាភិបាលតាលីបង់នឹងជួយពួកគេក្នុងការជ្រោងស្ទួយជីវភាពរបស់ពួកគេឡើងវិញ ប៉ុន្តែសម្រាប់ពេលនេះស្ថានភាពបានធ្លាក់ចុះយ៉ាប់យ៉ឺនខ្លាំង ហើយទំនិញឡើងថ្លៃខ្ពស់។

យោងតាមលោក Jan Egeland អគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស មនុស្សរាប់លាននាក់នៅអាហ្វហ្គានីស្ថានកំពុងប្រឈមនឹងស្ថានភាពដ៏ធ្ងន់ធ្ងរ នៅរដូវរងាខាងមុខនេះ។ លោកបាននិយាយថា យើងនឹងត្រូវតស៊ូដើម្បីជួយសង្គ្រោះជីវិតមនុស្សនៅរដូវរងានេះ។ វាជាការប្រណាំងប្រជែងនឹងពេលវេលា ក៏ដូចជាប្រឆាំងនឹងសេចក្តីស្លាប់ផងដែរ។ នៅអាហ្វហ្គានីស្ថាន អង្គការសហប្រជាជាតិអាចនាំយកជំនួយយ៉ាងច្រើន និងផ្ដល់នូវកម្មវិធីអភិវឌ្ឍដ៏ធំរបស់ខ្លួនដើម្បីបង្ហាញថា តើទីភ្នាក់ងារដែលជារឿយៗតែងខ្វះថវិការបស់ខ្លួន មានសារៈសំខាន់យ៉ាងណាក្នុងការផ្តល់ស្ថិរភាព និងសន្តិសុខជូនពលរដ្ឋភៀសខ្លួន។
ប្រទេសនេះកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ជាច្រើន និងភាពក្រីក្រស្ទើរតែទាំងស្រុងដោយសារការធ្លាក់ចុះពីស្ថានភាពនយោបាយ។ មានការអំពាវនាវសុំជំនួយកាន់តែច្រើនឡើង ដើម្បីបន្តការធានាលទ្ធភាពទទួលបានការអប់រំសម្រាប់ក្មេងស្រី។ ទោះបើមានការសន្យាថានឹងមានការបង្កើតរដ្ឋាភិបាលរួបរួម និងបើកចំហក៏ដោយ ក្រុមតាលីបង់នៅតែមិនអនុញ្ញាតឱ្យក្មេងស្រីវ័យជំទង់ចូលរៀនវិញ បានកាត់បន្ថយសេរីភាពសារព័ត៌មានក្នុងស្រុក និងវិលត្រឡប់ទៅរកការប្រព្រឹត្តឃោរឃៅ ដូចជាការចង់ព្យួរសាកសពជាសាធារណៈនៅទីលានចតុរង្គក្នុងទីក្រុងជាដើម៕
អត្ថបទ៖ សុខមាន