មន្ត្រីរដ្ឋាភិបាលមួយចំនួន បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន ប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ពហុជាតិ ដែលអាចឲ្យរបបនេះត្រូវបានកាត់ទោស នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) ពីបទ «មិនគោរព» សិទ្ធិស្ត្រី និងកុមារី។
នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី កាណាដា អាល្លឺម៉ង់ និងហូឡង់ បានប្រកាសថា ពួកគេកំពុងចាប់ផ្តើមដំណើរការនីតិវិធីនានា ដែលអាចនាំទៅដល់ការមានសវនាការ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។
នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានប្រាប់អ្នកសារព័ត៌មានថា៖ «ក្រុមតាលីបង់បានបង្ហាញពីការមិនគោរពរបស់ពួកគេ ចំពោះសិទ្ធិមនុស្ស ហើយនិងសេរីភាពជាមូលដ្ឋានរបស់ស្ត្រី និងកុមារី»។ ហើយពួកគេបានចូលរួមក្នុងយុទ្ធនាការគាបសង្កត់ជាប្រព័ន្ធ»។
លោកស្រី Wong បានពណ៌នាការជំរុញផ្នែកច្បាប់ដែលដឹកនាំដោយប្រទេសអាល្លឺម៉ង់ថា ជាកិច្ចការ «មិនធ្លាប់មានពីមុនមក»។ លោកស្រីបានបន្ថែមថា ប្រទេសទាំង៤ មានបំណងលើកឡើងពីហេតុផល ដែលថា អាហ្វហ្គានីស្ថានកំពុងបំពានលើអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ដែលប្រទេសនេះជាភាគីហត្ថលេខីដែរ។
គួរបញ្ជាក់ថា អាជ្ញាធរតាលីបង់ បានអនុវត្តតាមយ៉ាងម៉ឺងម៉ាត់នៃច្បាប់វិន័យរបស់សាសនាអ៊ិស្លាម គិតចាប់តាំងពីការវិលត្រឡប់មកកាន់អំណាចវិញ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានការដកទ័ពដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ស្ត្រី និងកុមារី បានទទួលរងនូវការរឹតត្បិតយ៉ាងតឹងរ៉ឹង ក្នុងនោះរួមទាំងការហាមឃាត់មិនឲ្យដើរលេង នៅសួនសាធារណៈ ចូលរៀនសាកលវិទ្យាល័យ និងការច្រៀង នៅទីសាធារណៈផងដែរ ដែលទាំងអស់នេះត្រូវបាន UN ហៅថា ជា «ការរើសអើងយេនឌ័រ»៕