ប្រធានាធិបតីប្រទេសស្រីលង្កា លោក Anura Kumara Dissanayake បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋាភិបាលមានផែនការចាប់ផ្តើមការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងបន្តសកម្មភាពនានាទាក់ទងនឹងការផ្តល់ឥណទានបន្ថែម។
នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកទៅកាន់ប្រជាជាតិ ក្នុងនាមជាប្រធានាធិបតី លោក Dissanayake បាននិយាយថា ប្រទេសស្រីលង្កា នឹងចរចាជាមួយម្ចាស់បំណុលដែលពាក់ព័ន្ធដើម្បីពន្លឿនដំណើរការ និងធានាបាននូវការបន្ធូរបន្ថយបំណុលដែលចាំបាច់។
លោកប្រធានាធិបតី បានបង្ហាញពីទំនុកចិត្តក្នុងការទទួលបានការគាំទ្រទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីធានាបាននូវការបន្ធូរបន្ថយបំណុល សម្រាប់ប្រទេសស្រីលង្កា។
លោក Dissanayake បាននិយាយថា យើងមានទំនុកចិត្តថា យើងអាចទទួលបានការគាំទ្រទាំងពីសំណាក់ប្រជាជនរបស់ប្រទេស និងសហគមន៍អន្តរជាតិ ហើយយើងជឿថា តាមរយៈការគាំទ្ររួមនេះ យើងអាចសម្រេចបាននូវភាពជោគជ័យ។
លោកបានបញ្ជាក់ពីសារៈសំខាន់នៃការកសាងប្រទេសស្រីលង្កាដែលរួបរួមគ្នា ដោយផ្តោតលើការបង្កើតសង្គមដែលមានច្បាប់ វិន័យ និងធានាបានសន្តិសុខសង្គម សម្រាប់ប្រជាជនគ្រប់រូប។
លោកប្រធានាធិបតី បានអះអាងសារជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ចំពោះកំណែទម្រង់សេវាសាធារណៈក្នុងគោលបំណងឱ្យប្រព័ន្ធកាន់តែមានប្រសិទ្ធភាព និងស្មោះត្រង់ ក្នុងការបម្រើប្រជាជន។