ប្រទេសអូស្ត្រាលីបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនប្រមាណ ១៥,០០០នាក់ ដែលរស់នៅក្នុងប្រទេសលីបង់ ចាកចេញ ដោយលើកឡើងពីហានិភ័យដែលអាកាសយានដ្ឋាន Beirut អាចនឹងបិទ និងការលំបាក ក្នុងការជម្លៀសចេញក្នុងចំនួនច្រើន ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ឡើងៗនោះ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានពង្រីកការវាយប្រហារតាមអាកាសរបស់ខ្លួន ក្នុងប្រទេសលីបង់ កាលពីថ្ងែពុធ (ទី២៥ ខែកញ្ញា) ដោយបានសម្លាប់មនុស្សយ៉ាងតិច ៧២នាក់ ហើយប្រមុខយោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារផ្លូវគោក អាចនឹងកើតមានឡើង។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា រដ្ឋាភិបាលរបស់លោក បានបង្កើតផែនការបន្ទាន់ ដែលអាចរួមបញ្ចូលទាំងការជម្លៀសតាមផ្លូវទឹកផងដែរ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Sky News លោកបានប្រាប់ថា៖ «យើងកំពុងសម្លឹងមើលគ្រប់ជម្រើស ប៉ុន្តែច្បាស់ណាស់ពិតជាពាក់ព័ន្ធនឹងក្ដីបារម្ភពីបញ្ហាសន្តិសុខជាតិ»។
នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong បានប្រាប់អ្នកសារព័ត៌មានថា មានហានិភ័យដែលអាកាសយានដ្ឋាន Beirut អាចនឹងបិទក្នុងរយៈពេលបន្ថែម ហើយប្រជាជនអូស្ត្រាលីគួរតែចាកចេញឥឡូវនេះ។ លោកស្រី Wong បានបន្ថែមថា លោកស្រីបានជួបជាមួយសមភាគីអង់គ្លេស និងពិភាក្សា អំពីតម្រូវការ ដើម្បីឲ្យមានបទឈប់បាញ់ នៅក្នុងប្រទេសលីបង់៕