សារព័ត៌មាន New York Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីថា សំណើរបស់សហរដ្ឋអាមេ រិក និងសម្ព័ន្ធមិត្តរបស់ខ្លួនស្តីពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ អាចនឹងត្រូវបានទទួលយក «នៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ»។
យោងតាមសារព័ត៌មាននេះ មានការចង្អុលបង្ហាញថា អ៊ីស្រាអែល និងលីបង់ គាំទ្រកិច្ចពិភាក្សា ដែលអាចនាំទៅរកបទឈប់បាញ់ ក្នុងពេលឆាប់ៗនេះ។ មន្ត្រីម្នាក់ បាននិយាយថា អ្នកការទូត បានជួបពិភាក្សាជាមួយប្រទេសទាំងពីរ ហើយបានសម្តែងក្តីសង្ឃឹមថា តំណាងរដ្ឋាភិបាលរបស់ពួកគេ នឹងទទួលយកសំណើនេះ «នៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ»។ ក្រុមហេសបូឡា នឹងមិនត្រូវបានស្នើសុំជាផ្លូវការឲ្យ ទទួលយកវាទេ។ ប៉ុន្តែក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ប្រសិនបើលីបង់ យល់ព្រមលើបទឈប់បាញ់ រដ្ឋាភិបាលរបស់ខ្លួន នឹងត្រូវធានាថា ក្រុមយុទ្ធជនហេសបូឡា នឹងអនុវត្តតាមបទឈប់បាញ់នេះ រយៈពេល ២១ថ្ងៃ។
មុននេះ សេតវិមាន បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃភ្លាមៗ នៅព្រំដែនលីបង់-អ៊ីស្រាអែល។