បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិអាហ្សង់ទីនបានកោះហៅកីឡាករ ៣នាក់ពីក្របខណ្ឌ English Premier League សំរាប់ការប្រកួតជំរុះ World Cup នៅខែតុលាខាងមុខ បើទោះជាអាហ្សង់ទីននៅតែស្ថិតក្នុងបញ្ជីក្រហមរបស់អង់គ្លេសក៏ដោយ។

កាលពីខែមុន ក្លិបបាល់ទាត់នៅអង់គ្លេសមួយចំនួនបានបដិសេធ មិនឱ្យកីឡាកររបស់ខ្លួនចាកចេញនៅពេលត្រូវបានកោះហៅ ដោយក្រុមជំរើសជាតិនៅតំបន់អាមេរិកខាងត្បូង។ តាំងពីថ្ងៃសុក្រសប្តាហ៍មុន ជនបរទេសដែលធ្វើដំណើរចូលទឹកដីអាហ្សង់ទីនមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ប្រសិនបើអ្នកដំណើរទាំងនោះបានទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនដូស និងតេស្តអវិជ្ជមាន Covid-19។ ផ្ទុយទៅវិញអ្នកដំណើរដែលធ្វើដំណើរចូលទឹកដីអង់គ្លេសវិញពីអាហ្សង់ទីនត្រូវធ្វើចត្តាឡីស័ក ១០ថ្ងៃគ្មានការលើកលែង។
អ្នកចាំទី Aston Villa, Emiliano Martinez និងកីឡាកររបស់ Spurs ពីររូបរួមមាន Giovani lo Celso និង Cristian Romero ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអាហ្សង់ទីនសំរាប់ការប្រកួតជំរុះ World Cup ខែតុលាខាងមុខនេះចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី១៥ ដែលរួមមានជួបជាមួយប៉ារ៉ាហ្កាយ អ៊ុយរូហ្កាយ និងប៉េរូ។ ចំណែក Aston Villa និង Tottenham Hotspur សុទ្ធតែមានការប្រកួតនៅចុងសប្តាហ៍ថ្ងៃទី១៦ និង ១៧ ខែតុលា។ អាហ្សង់ទីនកំពុងតាមពីក្រោយក្រុមកំពូលតារាងប្រេស៊ីល ៦ពិន្ទុក្នុងវគ្គជំរុះនៅតំបន់អាមេរិកខាងត្បូងនេះ ក្រោយប្រកួត ៨លើកឈ្នះ៥៕
អត្ថបទ៖នាង សុភាវុធ