ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងញូវយ៉កស្តីពីការជួយរដ្ឋាភិបាលក្រុងគីវ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បាននិយាយថា ទ្រព្យសម្បត្តិរបស់រុស្ស៊ី នឹងនៅតែបង្កកដោយលោកខាងលិច រហូតដល់ទីក្រុងម៉ូស្គូ ផ្តល់សំណងសម្រាប់ការខូចខាតរបស់អ៊ុយក្រែន។
នៅក្នុងសុន្ទរកថារបស់ខ្លួន លោក បៃដិន បានរំលឹកឡើងវិញនូវការសម្រេចចិត្តរបស់ក្រុមប្រទេស G7 ក្នុងការផ្តល់ថវិកាចំនួន ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដោយប្រើប្រាក់ចំណូលដែលបង្កើតដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកទាំងនោះ។
លោកបាននិយាយថា៖«ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី នឹងត្រូវបានបង្កក រហូតដល់រុស្ស៊ីបញ្ចប់ការឈ្លានពានរបស់ខ្លួន និងទូទាត់សងការខូចខាតដែលខ្លួន បានបង្កឡើងនោះ»។
ក្រុមមេដឹកនាំ G7 នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៣ ខែមិថុនា បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ថវិកា ៥០ពាន់លានដុល្លារដល់អ៊ុយក្រែនពីប្រាក់ចំណេញ ដែលបានពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក រហូតដល់ចុងឆ្នាំ ២០២៤។