សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងប្រកបដោយមោទនភាពថា សព្វថ្ងៃនេះ កម្ពុជា កាន់តែមានធនធានមនុស្សដែលមានសមត្ថភាពម្ចាស់ការលើកិច្ចការធំៗជាច្រើន ដោយ កាត់បន្ថយបានស្ទើរទាំងស្រុងនូវការពឹងពាក់លើអ្នកជំនាញបរទេស ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន៣,៥៣០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ បានមានប្រសាសន៍ថា ចំណេះដឹង សមត្ថភាព គឺបានជួយឱ្យមនុស្សមានឯករាជភាព ម្ចាស់ការ ក្នុងការកំណត់ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរ ។
សម្តេចធិបតី បានបង្ហាញដោយមោទនភាពយ៉ាងខ្លាំង ដែលបានឃើញសមត្ថភាពរបស់កូនខ្មែរកាន់តែ រីកចម្រើន និងធ្វើអ្វីៗបានច្រើនដោយខ្លួនឯង ពោលគឺនៅតិចណាស់ដែលត្រូវពឹងទៅលើគេផ្សេង ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា អ្វីៗដែលជាសមិទ្ធផលធំៗជាច្រើនដែលធ្វើឡើងដោយកូនខ្មែរនាសព្វថ្ងៃនេះ ជាឯករាជភាពដែលផ្តល់ឱ្យកម្ពុជានៅក្នុងការម្ចាស់ ការកំណត់វាសនាខ្លួនឯង តាមរយៈការវិនិយោគលើវិស័យអប់រំ ហើយទៅមុខកាន់តែខ្លាំង កាន់តែលឿន។ ដូច្នេះ វិស័យអប់រំនេះជាការធានានូវភាពធន់ ។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈ មួយ ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ៕អត្ថបទ៖ មុត សុទ្ធ