ភ្នំពេញ៖ កម្ពុជាបានប្រកាសនៅថ្ងៃនេះពីការរកឃើញមនុស្ស ៨៦៦នាក់បន្ថែមឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ដែលនេះគឺជាការរកឃើញតួលេខឆ្លងថ្មីលើស ៨០០នាក់នៅក្នុងរយៈពេល ៥ថ្ងៃជាប់គ្នា។
ក្នុងសេចក្ដីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្សចំនួន ៨៦៦នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដោយក្នុងនោះករណីឆ្លងថ្មីចំនួន ៨៣នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស។
បើតាមតួលេខនេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃលើស ៨០០នាក់អស់រយៈពេល ៥ថ្ងៃជាប់គ្នារួចមកហើយ គិតចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញា។
បើតាមក្រសួងសុខាភិបាល កម្ពុជាក៏មានមនុស្ស ២៦នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ផងដែរកាលពីថ្ងៃម្សិលមិញនេះ ដែលនេះគឺជាតួលេខអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត ២ខែកន្លងមកនេះ។
គិតត្រឹមថ្ងៃនេះ កម្ពុជាមានមនុស្សរហូតដល់ ២ ២៨៧នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងពីថ្ងៃទី១១ ខែមីនាកន្លងមក។
ចំណែកឯតួលេខឆ្លងសរុបវិញ បានកើនឡើងដល់ ១១០ ៧៩២នាក់នៅទូទាំងប្រទេស ខណៈដែលអ្នកជំងឺកូវីដ-១៩សរុបរហូតដល់ ១០១ ៦៩០នាក់ ឬស្មើជិត ៩២ភាគរយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ក្នុងនោះរាប់បញ្ចូលទាំងអ្នកជាសះស្បើយថ្មីចំនួន ៥០៥នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
