ទាហានស៊ូដង់បានបើកការវាយប្រហារដោយកាំភ្លើងធំ និងផ្លូវអាកាស នៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ នាថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) នេះ ដោយនេះជាប្រតិបត្តិការដ៏ធំបំផុតរបស់ខ្លួន ដើម្បីដណ្តើមយកមកគ្រប់គ្រងវិញនូវតំបន់នានា នៅក្នុងទីក្រុង គិតចាប់តាំងពីដើមដំបូងនៃសង្រ្គាមរយៈពេល ១៧ខែ ជាមួយកងកម្លាំងគាំទ្ររហ័ស (RSF)។ នេះបើតាមការឲ្យដឹងពីសាក្សី និងប្រភពយោធា។
យុទ្ធនាកាវាយរុញច្រានដោយកងទ័ព ដែលបានបាត់បង់ការគ្រប់គ្រងតំបន់ភាគច្រើននៃរដ្ឋធានី ពេលសង្គ្រាមចាប់ផ្ដើមនោះ បានកើតឡើងនៅមុនសុន្ទរកថារបស់មេបញ្ជាការរបស់ខ្លួន គឺលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក យប់ថ្ងៃនេះ។
សាក្សីបានរាយការណ៍ពីការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅពេលដែលកងទ័ពព្យាយាមឆ្លងស្ពានកាត់ទន្លេ Nile (នីល) ពោលគឺជាស្ពានតភ្ជាប់ទីក្រុងក្បែរៗគ្នាចំនួន ៣ ដែលបង្កើតបានជារដ្ឋធានីដ៏ធំ គឺ Khartoum, Omdurman និង Bahri។
ទោះបីជាកងទ័ពបានដណ្តើមយកមកវិញនូវមូលដ្ឋានមួយចំនួន នៅទីក្រុង Omdurman នាដើមឆ្នាំនេះក៏ដោយ ក៏យុទ្ធនាការភាគច្រើនត្រូវពឹងផ្អែកលើការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមអាកាស ហើយមិនអាចវាយបណ្ដេញកងកម្លាំងជើងគោកដែលមានប្រសិទ្ធភាពជាងរបស់ RSF បានឡើយ ដែលកងទ័ពទាំងនោះបានបង្កប់នៅក្នុងតំបន់ជាច្រើនដទៃទៀតនៃរដ្ឋធានី។
ហើយជាមួយគ្នានេះដែរ RSF ក៏បានបន្តរុលទៅមុខនៅក្នុងតំបន់ផ្សេងទៀតរបស់ស៊ូដង់ ក្នុងប៉ុន្មានខែថ្មីៗនេះ នៅក្នុងជម្លោះ ដែលបានបង្កឲ្យមានវិបត្តិមនុស្សធម៌ធំធេង ដោយបានធ្វើឲ្យប្រជាជនជាង ១០លាននាក់ភៀសខ្លួន និងរុញឲ្យផ្នែកខ្លះនៃប្រទេសនេះធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន ឬទុរ្ភិក្សធ្ងន់ធ្ងរ។
កិច្ចខិតខំប្រឹងប្រែងការទូត ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងមហាអំណាចផ្សេងទៀត បានធ្លាក់ចុះ ដោយកងទ័ពបានបដិសេធមិនចូលរួមកិច្ចពិភាក្សា កាលពីខែមុន នៅប្រទេសស្វីស៕