ក្រុមហាម៉ាស់ប៉ាឡេស្ទីន និយាយនៅលើការបង្ហោះសារតាមបណ្តាញព័ត៌មានសង្គម Telegramថា ក្បួនរថយន្តយោធារបស់អ៊ីស្រាអែល ត្រូវបានពួនស្ទាក់វាយប្រហារនៅក្នុងទីក្រុង Rafah ។
ក្រុមមួយនេះ និយាយថា កងពលតូច Al Qassam ដែលជាខ្សែបណ្តាញយោធារបស់ក្រុមហាម៉ាស់ បានដាក់គោលដៅលើរថយន្តយោធារបស់កងកម្លាំងអ៊ីស្រាអែល ស្ថិតនៅភាគខាងកើតទីក្រុង Rafah ។
នៅក្នុងវីដេអូឃ្លីបដែលបានបញ្ចេញកាលពីថ្ងៃពុធ ឃើញរថក្រោះ គ្រឿងចក្រ និងរថយន្តយោធារបស់អ៊ីស្រាអែល បានធ្វើដំណើរតាមផ្លូវ ស្របពេលរងការវាយប្រហារដោយមីស៊ីល ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បានឡើយ ទីតាំង និងកាលបរិច្ឆេតនៃការថតវីដេអូមួយនេះ ។
ខណៈពេលនោះដែរ សារព័ត៌មានអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា កុមារយ៉ាងហោច ១៦.៨៥៩នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា ជនជាតិប៉ាឡេស្ទីនចំនួន ៤១.៤៩៥ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមានការកើនឡើងភាពតានតឹង ខណៈដែលមនុស្ស ៩៦.០០៦ នាក់ផ្សេងទៀត បានរងរបួស ៕