នៅថ្ងៃព្រហស្បតិ៍នេះ ចិននិយាយថា ស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសលីបង់ បានព្រមានពលរដ្ឋចិនថាមិនត្រូវធ្វើដំណើរទៅកាន់ប្រទេសមួយនេះជាដាច់ខាត ។
ការព្រមានបែបនេះ បានកើតមានឡើង ក្រោយអ៊ីស្រាអែល បង្កើនការវាយប្រហារតាមច្រកអាកាសរបស់ខ្លួនលើប្រទេសលីបង់ ស្របពេលភាពតានតឹងឡើងកម្តៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទសចិនលោក Lin Jian និយាយថា ស្ថានទូត បានដាក់ឲ្យដំណើរការផែនការឆ្លើយតបបន្ទាន់ ចេញការប្រកាសអាសន្នសន្តិសុខជាច្រើន និងបាននិយាយប្រាប់ពលរដ្ឋរបស់ខ្លួនថា ឲ្យធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្មទៅកាន់ប្រទេសចិនវិញ ។
លោក Jian និយាយថា ជាថ្មីម្តងទៀត ពួកយើងសូមរំឭកដាស់តឿនដល់ពលរដ្ឋចិន មិនត្រូវធ្វើដំណើរទៅកាន់ប្រទេសលីបង់ជាដាច់ខាត ហើយពលរដ្ឋចិននៅក្នុងប្រទេសលីបង់ ត្រូវតែយកចិត្តទុកដាក់ចំពោះស្ថានភាពក្នុងស្រុក ហើយបើអាច ត្រូវធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្មឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសកំណើតចិនវិញ ឬចាកចេញពីប្រទេសមួយនេះ ទៅកាន់កន្លែងផ្សេង ។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីស្រាអែលលោក Israel Katz បានច្រានចោលសំណើរបទឈប់បាញ់ជាមួយក្រុមហេសប៊ូឡា ក្រោយសហរដ្ឋអាមេរិក និងបារាំង អំពាវនាវឲ្យមានការផ្អាកសង្រ្គាមរយៈពេល ២១ថ្ងៃ នៅក្នុងជម្លោះមួយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់លីបង់ និងធ្វើឲ្យមានក្តីបារម្ភថា មានការវាយប្រហារតាមជើងគោក ៕