នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា លោកនឹងជួបជាមួយប្រធានសហភាពអឺរ៉ុប គឺលោកស្រី Ursula von der Leyen នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក នាសប្តាហ៍ក្រោយ ដែលជាផ្នែកនៃផែនការរបស់លោកក្នុង «រៀបចំឡើងវិញ» នូវទំនាក់ទំនង រវាងចក្រភពអង់គ្លេសជាមួយសហភាពអឺរ៉ុប (EU) បន្ទាប់ពី Brexit (ការចាកចេញរបស់ចក្រអង់គ្លេសពីសហភាពអឺរ៉ុប)។
ការចាកចេញរបស់ចក្រភពអង់គ្លេសពី EU ក្នុងឆ្នាំ២០២០ បន្ទាប់ពីកា្លយជាសមាជិកភាពរបស់ប្លុកនេះ ៥ទសវត្សរ៍ បានជះឥទ្ធិពលលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិសុខ ដែលជំរុញឲ្យមានការអំពាវនាវឲ្យគិតគូរឡើងវិញ អំពីទំនាក់ទំនងនាពេលអនាគត។
កាលពីល្ងាចថ្ងៃពុធ (ទី២៥ ខែកញ្ញា) លោក Starmer ដែលស្ថិតនៅទីក្រុងញូវយ៉ក សហរដ្ឋងាមេរិក ដើម្ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បានបង្ហោះរូបថតរបស់លោក ជាមួយលោកស្រី von der Leyen។
លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា «ខ្ញុំចង់រៀបចំឡើងវិញនូវទំនាក់ទំនងរបស់យើងជាមួយ EU និងធ្វើឲ្យ Brexit ជាប្រយោជន៍ សម្រាប់ប្រជាជនអង់គ្លេស» ដោយលោកបន្ថែមថា លោកកំពុង «ទន្ទឹងរង់ចាំ» ដើម្បីចាប់ផ្តើមការពិភាក្សាជាមួយលោកស្រី von der Leyen។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊្រុចសែលនេះ នឹងក្លាយជាលើកដំបូងរបស់លោក Starmer គិតចាប់តាំងពីបានក្លាយជានាយករដ្ឋមន្ត្រី ក្នុងខែកក្កដា និងកើតឡើងបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំអឺរ៉ុប ក្នុងនោះរួមមានប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ផងដែរ៕