ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) នេះ បានប្រកាសផ្តល់ជំនួយយោធាជាង ៨ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីជួយឲ្យទីក្រុងគីវ «ឈ្នះសង្រ្គាម» ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ដោយយកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បង្ហាញពីការប្តេជ្ញាចិត្តដ៏ធំមួយ។
ជំនួយនេះ រួមមានទាំងការបញ្ជូនជាលើកដំបូងនូវគ្រាប់បែកសំកាំងតម្រង់គោលដៅបានយ៉ាងជាក់លាក់ ដែលហៅថា Joint Standoff Weapon (អាវុធរួមគ្នាច្រើនប្រភេទ) ដែលអាចវាយប្រហារចម្ងាយរហូតដល់ ៨១ម៉ាយល៍ (១៣០គីឡូម៉ែត្រ)។ មីស៊ីលរយៈចម្ងាយមធ្យមផ្ដល់ឲ្យអ៊ុយក្រែននូវភាពល្អប្រសើរ ចំពោះអាវុធ ដែលខ្លួនប្រើប្រាស់វាយប្រហារកងកម្លាំងរុស្ស៊ី ដោយអាចឲ្យអ៊ុយក្រែនប្រើប្រាស់វាបាននៅចម្ងាយដែលមានសុវត្ថិភាពជាងមុន។
គ្រាប់បែកដែលមានសមត្ថភាពវាយប្រហារចំគោលដៅយ៉ាងជាក់លាក់ ក្នុងកម្រិតខ្ពស់ ត្រូវទម្លាក់ចេញពីយន្តហោះចម្បាំង។ តែយ៉ាងណាក្ដី មន្ត្រីអាមេរិកម្នាក់ បាននិយាយថា លោក Biden នឹងមិនប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលកាន់តែជ្រៅនៅក្នុងប្រទេសរុស្ស៊ីនោះឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Biden បានឲ្យដឹងថា ការគាំទ្រអ៊ុយក្រែន ដែលរុស្ស៊ីបានលុកលុយ កាលពីខែកុម្ភៈ ឆ្នាំ២០២២ គឺជាអាទិភាពចម្បងធំជាងគេរបស់សហរដ្ឋអាមេរិក៕