កូរ៉េខាងត្បូង៖ ក្រុមមន្ត្រីក្រុងសេអ៊ូល និងតូក្យូបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់អាវុធមួយគ្រាប់សង្ស័យថា ជាមីស៊ីលអន្តរទ្វីបបាលីស្ទីកធ្លាក់ចូលក្នុងសមុទ្រនៅព្រឹកថ្ងៃអង្គារនេះ ជាការសាកល្បងអាវុធចុងក្រោយបង្អស់ពីសំណាក់ទីក្រុងព្យុងយ៉ាង ដែលបានចោទជាសំណួរជាច្រើនអំពីភាពស្មោះត្រង់ នៃការផ្តល់ជូននាពេលថ្មីៗនេះរបស់ខ្លួនសម្រាប់កិច្ចចរចាជាមួយកូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះក្រុងសេអ៊ូលបាននិយាយថា អាវុធដែលគេមិនស្គាល់ប្រភេទដែលបាញ់ចេញពីទីតាំងឆ្ងាយពីសមុទ្រ បានហោះឆ្ពោះទៅសមុទ្រខាងកើតរបស់កូរ៉េខាងជើងនៅព្រឹកថ្ងៃអង្គារនេះ។ អង្គភាពនេះនិយាយថា ក្រុមអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងអាមេរិកកំពុងវិភាគលម្អិតអំពីការបាញ់នេះ។ ចំណែកនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បាននិយាយថា កូរ៉េខាងជើងបានបាញ់ អ្វីដែលអាចជាមីស៊ីលបាលីស្ទីក ហើយរដ្ឋាភិបាលរបស់លោកបានបង្កើនការប្រុងប្រយ័ត្ន និងការឃ្លាំមើល ខណៈដែលខ្លួនវិភាគលម្អិតអំពីការបាញ់នេះ។
ការសាកល្បងមីស៊ីលបាលីស្ទីក និងមីស៊ីលតម្រង់គោលដៅនៅដើមខែនេះ គឺជាការបាញ់ លើកដំបូងរបស់កូរ៉េខាងជើងក្នុងរយៈពេល ៦ខែ និងជាការបង្ហាញពីសមត្ថភាពវាយប្រហារដាក់គោលដៅលើកូរ៉េខាងត្បូង និងជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ជាទីដែលមានកងទ័ពអាមេរិកសរុបចំនួន ៨ម៉ឺននាក់កំពុងឈរជើងនៅទីនោះ៕
អត្ថបទ៖ សុខមាន