រដ្ឋមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ២រូប មកពីរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu នាថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) នេះ បានច្រានចោលសំណើឲ្យមានបទឈប់បាញ់ នៅក្នុងប្រទេសលីបង់ ហើយបានអំពាវនាវឲ្យបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀត ក្នុងនោះរួមទាំងរដ្ឋអារ៉ាប់មួយចំនួនផងដែរ បានចេញការអំពាវនាវរួមមួយឲ្យបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ២១ថ្ងៃ នៅលីបង់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានសម្លាប់មនុស្សរាប់រយនាក់ ហើយរាប់ម៉ឺននាក់ទៀត ត្រូវភៀសខ្លួន នៅក្នុងប្រទេសលីបង់ នាសប្តាហ៍នេះ។
ការអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល ៣សប្តាហ៍ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រមុខយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Herzi Halevi កាលពីថ្ងៃពុធ (ទី២៥ ខែកញ្ញា) បានប្រាប់ទាហានឲ្យរៀបចំ ដើម្បីត្រៀមវាយលុកផ្លូវគោកដែលអាចកើតមាន ប្រឆាំងនឹងក្រុមហេសបូឡា។
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល គឺលោក Bezalel Smotrich ដែលជាសមាជិកសំខាន់នៃគណៈរដ្ឋមន្ត្រី បានជំទាស់នឹងសំណើឲ្យមានបទឈប់បាញ់នេះ ដោយទទូចថា ការបន្តសង្រ្គាមប្រឆាំងនឹងក្រុមហេសបូឡា គឺជាមធ្យោបាយតែមួយគត់ឆ្ពោះទៅមុខ។
ហើយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ នៅលើបណ្ដាញសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz ក៏បានប្រឆាំងនឹងការឲ្យបញ្ឈប់ការប្រយុទ្ធនេះដែរ៕


