ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) គឺលោក Rafael Grossi កាលពីថ្ងៃពុធ (ទី២៥ ខែកញ្ញា) បានលើកឡើងដោយមិនមានភស្តុតាងបញ្ជាក់ថា លោកមានព័ត៌មាន ដែលថា សហរដ្ឋអាមេរិក ប្រសិនបើស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រី Kamala Harris នាពេលខាងមុខ នឹងត្រៀមខ្លួនជាស្រេច ដើម្បីវិលទៅរកកិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់វិញ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មានបញ្ហាជាច្រើនជាមួយរដ្ឋាភិបាលអ៊ីរ៉ង់បច្ចុប្បន្ន ក្នុងនោះរួមទាំងការរារាំងរបស់ទីក្រុងតេអេរ៉ង់មិនឲ្យអ្នកជំនាញខាងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ចូលក្នុងក្រុមអធិការកិច្ច និងការខកខានរបស់ប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការពន្យល់អំពីដានសារធាតុអ៊ុយរ៉ានីញ៉ូម ដែលត្រូវបានរកឃើញនៅឯទីកន្លែងមិនប្រកាសឲ្យដឹង។
តែទោះយ៉ាងណាក្ដី ដោយការបោះឆ្នោតជ្រើសរើសលោក Masoud Pezeshkian ជាប្រធានាធិបតី ក្នុងខែកក្កដា ការផ្លាស់ប្តូរគោលជំហររបស់ទីក្រុងតេអេរ៉ង់ ក្នុងការដោះស្រាយជាមួយទីភ្នាក់ងារអន្តរជាតិ ឥឡូវនេះ ទំនងជាជិតកើតមានឡើងហើយ។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Tass បានឲ្យដឹងថា ដោយថ្លែងនៅមន្ទីរពិសោធន៍រូបវិទ្យាព្រីនស្តុនប្លាស្មា (PPPL) នៃនាយកដ្ឋានថាមពលរបស់សាកលវិទ្យាល័យព្រីនស្តុន (Princeton) លោក Grossi បានប្រាប់ថា៖ «ប្រសិនគណបក្សសាធារណរដ្ឋជាប់ឆ្នោត ខ្ញុំមិនដឹងអ្វីពាក់ព័ន្ធនឹងរដ្ឋបាលខាងពួកគេនោះទេ ព្រោះពួកគេនឹងប្រាប់បញ្ហានេះដោយខ្លួនឯងថា តើ និងនៅពេលណាដែលរឿងនេះកើតឡើង។ ប៉ុន្តែសម្រាប់រដ្ឋបាលរបស់លោកស្រី Harris យើងកំពុងមានទំនាក់ទំនងជាមួយ និងយើងបានដឹងថា ពួកគេមានបំណងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ»។
ការលើកឡើងនេះ កើតមានឡើងបន្ទាប់ពីលោក Pezeshkian បានបញ្ជាក់ថា អ៊ីរ៉ង់មិនស្វែងរកការបង្កើតអាវុធនុយក្លេអ៊ែរនោះទេ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រឡប់ទៅរកកាតព្វកិច្ចទាំងស្រុងរបស់ខ្លួនឡើងវិញ ក្រោមផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)៕


