នៅថ្ងៃព្រហស្បតិ៍នេះ កងកម្លំាងអ៊ីស្រាអែល បានបាញ់ស្កាត់មីស៊ីលជាច្រើនគ្រាប់លើទីក្រុង Kiryat Shmona ស្ថិតនៅតំបន់ភាគឦសានអ៊ីស្រាអែល ជិតព្រំដែនលីបង់ ស្របពេលដែលរដ្ឋាភិបាលពួកគេ ច្រានចោលសំណើបទឈប់បាញ់លីបង់គាំទ្រដោយសហរដ្ឋអាមេរិក ។
អ៊ីស្រាអែល បានផ្តល់អាទិភាពលើការធានាសន្តិសុខនៅព្រំដែនភាគខាងជើង និងអនុញ្ញាតឲ្យពលរដ្ឋជម្លៀសខ្លួន ៧ម៉ឺននាក់របស់ពួកគេ វិលត្រឡប់មកវិញ ។
ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីថ្ងៃចន្ទរហូតមក ពេលដែលមនុស្សជាង ៦០០នាក់ ត្រូវបានសម្លាប់នៅថ្ងៃស្លាប់មនុស្សច្រើនបំផុតរបស់លីបង់ ចាប់តាំងពីដំណាច់សង្រ្គាមស៊ីវិលឆ្នាំ ១៩៧៥-១៩៩០ ។
មេបញ្ជាការយោធាអ៊ីស្រាអែលលោក Herzi Halevi បាននិយាយប្រាប់ទាហានកាលពីថ្ងៃពុធម្សិលមិញថា ការវាយប្រហារតាមច្រកអាកាសនៅលីបង់ ត្រូវតែបន្ត ដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រុមហេសប៊ូឡា និងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃប្រតិបត្តិការតាមជើងគោកដោយកងកម្លាំងអ៊ីស្រាអែល
ដោយឡែក នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលធ្វើដំណើរទៅកាន់បុរីញូវយ៉ក ដើម្បីថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ(UN)នោះ ពុំបានឆ្លើយតបនៅឡើយនោះទេ ចំពោះសំណើបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក និងបារាំង តែផ្ទុយទៅវិញ លោកបាននិយាយប្រាប់ឲ្យកងទ័ពរបស់លោក បន្តប្រយុទ្ធដើម្បីកម្ចាត់ក្រុមហេសប៊ូឡា ៕