មន្ត្រីរដ្ឋាភិបាល ក្នុងតំបន់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) នេះថា យ៉ាងហោចណាស់មនុស្ស ៤៦នាក់ ក្នុងនោះរួមទាំងកុមារ ៣៧នាក់ផងដែរ បានលង់ទឹកស្លាប់ ពេលកំពុងប្រារព្ធពិធីបុណ្យរបស់អ្នកកាន់សាសនាហិណ្ឌូ នៅភាគខាងកើតប្រទេសឥណ្ឌា។
មន្ត្រីម្នាក់មកពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Bihar បានប្រាប់សារព័ត៌មាន AFP ថា ជនរងគ្រោះ បានលង់ទឹកស្លាប់នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នា នៅក្នុងរដ្ឋ Bihar ខណៈពេលដែលកំពុងងូតទឹក នៅក្នុងទន្លេ និងស្រះទឹក ដែលឡើងដោយសារទឹកជំនន់ នាពេលថ្មីៗនេះ។
ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែរូបគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនោះ មន្ត្រីរូបនេះ បានប្រាប់ថា៖ «ប្រជាពលរដ្ឋបានព្រងើយកន្តើយនឹងកម្រិតទឹកដ៏គ្រោះថ្នាក់ នៅក្នុងទន្លេ ក៏ដូចជាស្រះទឹក ខណៈពេលដែលកំពុងងូតទឹក ដើម្បីអបអរសាទរពិធីបុណ្យនេះ»។
ហេតុការណ៍លង់ទឹកនោះ បានកើតឡើងតាំងពីថ្ងៃអង្គារ នៅទូទាំងតំបន់ចំនួន ១៥ របស់រដ្ឋ Bihar ខណៈដែលអ្នកកាន់សាសនាទាំងនោះប្រារព្ធពិធីបុណ្យ Jitiya Parv Hindu ដែលអ្នកម្ដាយទាំងឡាយរៀចំឡើង ដើម្បីបួងសួងឲ្យកូនៗរបស់ពួកគេមានសុខុមាលភាពមាំមួន៕