អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Majed Al-Ansari និយាយប្រាប់សន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា នៅមិនទាន់មានផ្លូវសម្រុះសម្រួលផ្លូវការនោះទេ ឆ្ពោះទៅរកបទឈប់បាញ់នៅប្រទេសលីបង់ បន្ទាប់ពីអំពើហិង្សារយៈពេលជាច្រើនថ្ងៃ រវាងក្រុមហេសប៊ូឡា និងកងកម្លំាងអ៊ីស្រាអែល ។
លោកនិយាយថា លោកពុំបានដឹងពីទំនាក់ទំនងផ្ទាល់រវាងសំណើបទឈប់បាញ់រយៈពេល ២១ថ្ងៃ និងសំណើបទឈប់បាញ់នៅហ្កាហ្សា ដែលប្រទេសកាតា បានធ្វើការសម្របសម្រួលជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសខ្លាំងក្លាបំផុតលើលីបង់ ចាប់តាំងពីសង្រ្គាមឆ្នាំ ២០០៦ រយៈពេលសប្តាហ៍កន្លងមកនេះ ដោយបានសម្លាប់មនុស្សជាង ៦០០នាក់ ស្របពេលដែលការផ្ទុះអាវុធឆ្លងកាត់ព្រំដែនជាមួយក្រុមឧទ្ទាមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់រយៈពេលច្រើនខែកន្លងមកនេះ ជិតក្លាយជាសង្រ្គាមពេញបន្ទុក ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃពុធថា តំបន់នេះកំពុងស្ថិតលើមាត់ជ្រោះនៃមហន្តរាយពេញបន្ទុក ដោយសារតែភាពតានតឹងកាន់តែរីកធំឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយបានព្រមានថា ទីក្រុងតេអេរ៉ង់ នឹងមិននៅស្ងៀមឡើយក្នុងករណីមានសង្គ្រាមនៅប្រទេសលីបង់ ៕