ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីនឹងបំពេញកាតព្វកិច្ចរបស់ខ្លួនលើការផ្គត់ផ្គង់ថាមពលដល់ទីផ្សារពិភពលោក ។
លោក Putin ដែលថ្លែងនៅក្នុងវេទិកាសប្តាហ៍ថាមពលរុស្ស៊ី បាននិយាយផងដែរថា ទីក្រុងម៉ូស្គូ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសនាំចេញប្រេង OPEC+ ។
លោកថា រុស្ស៊ីនឹងបំពេញតួនាទីរបស់ខ្លួនក្នុងការផ្គត់ផ្គង់ប្រភពថាមពលដល់ទីផ្សារសកលលោក និងដើរតួប្រកបដោយស្ថិរភាព តាមរយៈការចូលរួមវេទិកាសំខាន់ៗបែបនេះ ដូចជាវេទិកា OPEC+ និងវេទិកាក្រុមប្រទេសនាំចេញឧស្ម័ន ។
លោកបន្តថា ច្បាស់ណាស់ថា ពួកយើងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់ពួកយើង ហើយលោកមានជំនឿចិត្តថា ការងារយុទ្ធសាស្រ្តរយៈពេលយូរ ដែលវិស័យថាមពលរុស្ស៊ីកំពុងប្រឈម ច្បាស់ណាស់ថា នឹងត្រូវដោះស្រាយ ។
លោក Putin និយាយទៀតថា នេះមានន័យថា ក្រុមហ៊ុនថាមពលរបស់ពួកយើង កម្លាំងការងាររបស់ពួកយើង ហើយនិងឧស្សាហកម្មទាំងមូល នឹងផ្តល់ការងារមានស្ថេរភាព និងអាចទុកចិត្តបាន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ៕