សម្រាប់ជនភៀសខ្លួនស៊ូដង់ភាគច្រើននៅក្នុងប្រទេសអេហ្ស៊ីប ការចុះឈ្មោះកូនរបស់ពួកគេឲ្យចូលរៀននៅសាលាស៊ូដង់ ឬសាលាអេហ្ស៊ីប កាន់តែពិបាកខ្លាំង ដោយសារហេតុផលសេដ្ឋកិច្ច និងបញ្ហាឯកសារស្នាក់នៅ ។
អ្នកស្រី Suzan Adam Suleiman បានរត់ភៀសខ្លួនពីជម្លោះនៅក្នុងប្រទេសស៊ូដង់ និងបានធ្វើដំណើរមកកាន់ប្រទេសអេហ្ស៊ីបកាលពីខែឧសភា ឆ្នាំ ២០២៤ ក្រោយអស់មធ្យោបាយស្នាក់នៅក្នុងប្រទេសកំណើតរបស់ខ្លួន ។
អ្នកស្រី Suleiman បានចាកចេញពីប្រទេសស៊ូដង់ជាមួយកូនៗ ៥នាក់របស់គាត់ និងបងស្រី ហើយបច្ចុប្បន្នកូនប្រុសអាយុ ១៤ឆ្នាំរបស់គាត់ គឺជាមេគ្រួសារសំខាន់ ។ គ្រួសាររបស់គាត់ រស់នៅរួមគ្នាក្នុងផ្ទះល្វែងជាមួយជនភៀសខ្លួនស៊ូដង់ដទៃទៀត ។
អ្នកស្រី Suleiman និយាយថា ក្តីសង្ឃឹមធំរបស់គាត់ គឺសង្ឃឹមថានឹងអាចរកបានផ្ទះផ្ទាល់ខ្លួនសម្រាប់គ្រួសាររបស់គាត់ ក៏ដូចជាចុះឈ្មោះកូនចូលរៀន ។
ចំណែកឯ អ្នកស្រី Amal Saleh Abu Al-Bashir គឺជាជនភៀសខ្លួនស៊ូដង់ម្នាក់ផ្សេងទៀត និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គាត់មានកូន ៥នាក់ ។ កូនច្បង ២នាក់របស់គាត់ ធ្វើការនៅក្នុងរោងចក្រជាមួយឪពុករបស់ពួកគេ ដើម្បីជួយផ្គត់ផ្គង់ការចាយវាយក្នុងគ្រួសារ ។
អ្នកស្រី Amal និយាយថា គាត់បានព្យាយាមចុះឈ្មោះកូនឲ្យចូលរៀន ប៉ុន្តែការលំបាកផ្នែកហិរញ្ញវត្ថុ បានរារាំងពួកគេពីការចូលរៀននៅក្នុងសាលាស៊ូដង់ ។
សូមបញ្ជាក់ថា សង្រ្គាមនៅស៊ូដង់ ដែលបានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ បានបង្ខំឲ្យមនុស្សជិត ១០លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ បង្កឲ្យមានការព្រមានពីគ្រោះទុរ្ភិក្ស និងរលកនៃអំពើហិង្សាដែលគេបានដាក់ការស្តីបន្ទោសលើកងកម្លាំងគាំទ្ររហ័ស(RSF) ៕