លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់យោធារបស់ប្រទេសនេះ ឱ្យបន្តប្រយុទ្ធដោយប្រើកម្លាំងពេញទំហឹង ប្រឆាំងនឹងក្រុមប្រដាប់អាវុធហេសបូឡា ដោយមិនអើពើនឹងការអំពាវនាវពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតឱ្យមានការឈប់បាញ់។លោកនាយករដ្ឋមន្ត្រីរូបនេះបានប្ដេជ្ញាប្រយុទ្ធជាមួយក្រុមហេសបូឡារហូតទទួលបានជោគជ័យ។

ក្រសួងសុខាភិបាលប្រទេសលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់៩២នាក់ទៀតបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយមនុស្សរាប់រយនាក់ទៀតត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហារបានកើនឡើងកាលពីថ្ងៃចន្ទ។

ក្រុមមន្ត្រីសុខាភិបាលនិយាយថាចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងប្រទេសលីបង់ចាប់តាំងពីថ្ងៃចន្ទមកបានកើនឡើងដល់ជាង៦០០នាក់។
ក្រុមហេសបូឡា បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសទៅលើអគារមួយកន្លែងនៅភាគខាងត្បូងរដ្ឋធានី បេរូត (Beirut) បានសម្លាប់ប្រធានអង្គភាពយានដ្រូនរបស់ខ្លួន គឺ លោក Mohammad Surur ។
មានក្ដីបារម្ភកាន់តែខ្លាំងថាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នឹងក្លាយជាសង្រ្គាមពេញបន្ទុក បន្ទាប់ពីមានការវាយប្រហារកាន់តែខ្លាំងពីសំណាក់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក។
ការកើនឡើងនៃអរិភាពនេះបានជំរុញឱ្យប្លុកដ៏រឹងមាំចំនួន ១២ ប្រទេសរួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ស្នើឱ្យមានបទឈប់បាញ់រយៈពេលបីសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាលពីថ្ងៃពុធសប្ដាហ៍នេះដែរ៕