បាល់ទាត់៖ ខ្សែបម្រើអេស្ប៉ាញ Juan Mata កំពុងពិចារណាអនាគតរបស់ខ្លួនហើយជាមួយក្រុមបិសាចក្រហម Manchester United បន្ទាប់ពីមិនសូវបានចូលលេងរដូវកាលនេះ។ កីឡាករពេញដោយបទពិសោធន៍រូបនេះទើបតែបានចុះហត្ថលេខា ១ឆ្នាំទៀតក្រោយចប់រដូវកាលមុន តែនៅពេលនេះគេនឹងអាចចរចាជាមួយក្លិបថ្មីបាននៅខែមករាខាងមុខ។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានចូលលេង ១ប្រកួតរដូវកាលនេះនៅពាន Carabao Cup ដែល Manchester United ចាញ់ West Ham តែនៅ Premier League មិនទាន់មានឱកាសនៅឡើយ។ គិតមកដល់ពេលនេះ Juan Mata នៅជាមួយ Manchester United ៩រដូវកាលហើយតាំងពីចាកចេញពី Chelsea នៅឆ្នាំ២០១៤ ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករលេងឱ្យក្លិបបានយូរជាងគេម្នាក់។ រដូវកាលមុនគេបានចូលលេងសរុប ១៨ប្រកួតក្នុងនោះមាន ៨ប្រកួតចាប់ផ្តើម ១១នាក់ដំបូង ក្រៅពីនោះត្រឹមជាកីឡាករបម្រុងផ្លាស់ប្តូរចូល។ អនាគតបន្ទាប់ពី Manchester United, Juan Mata ទំនងជាចាកចេញទៅបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅប្រទេសកំណើតអេស្ប៉ាញ ដែលក្នុងនោះមានក្លិបពីរត្រូវបានគេដឹងថាទាក់ទងរួមមាន Villarreal និង Real Sociedad៕
អត្ថបទ៖នាង សុភាវុធ