ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើសាលារៀនមួយដែលផ្តល់ជម្រកដល់ជនភៀសខ្លួននៅភាគខាងជើងហ្កាហ្សាស្ទ្រីប បានសម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ខណៈអ្នកស្រុកបានដាក់ក្ដីសង្ឃឹមលើការអំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់។

ក្រសួងសុខាភិបាលហ្កាហ្សា និងសេវាសង្គ្រោះបន្ទាន់ស៊ីវិល និយាយថា មនុស្សជាច្រើននាក់បានរងរបួស ហើយអ្នកផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីមីស៊ីលរបស់អ៊ីស្រាអែល បានបាញ់ទៅលើសាលា អាល់ហ្វាលូចា (Al-Falouja) ក្នុងជំរំ ចាបាលីយ៉ា (Jabalia)។

យោធាអ៊ីស្រាអែលនិយាយថា ការវាយប្រហារគឺសំដៅលើមជ្ឈមណ្ឌលបញ្ជារបស់ក្រុម ហាម៉ាសនៅទីនោះ ដោយចោទក្រុមសកម្មប្រយុទ្ធនេះជាប្រចាំថាប្រើប្រាស់អគារស៊ីវិលសម្រាប់បំណងយោធា ប៉ុន្តែក្រុមនេះបដិសេធ។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា រហូតមកដល់ពេលនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ក្នុងពេលមួយយប់នៅថ្ងៃព្រហស្បតិ៍។ កិច្ចប្រឹងប្រែងការទូតជាច្រើនខែដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ពុំមានផ្លែផ្កាឡើយ ដោយអ៊ីស្រាអែល បានបដិសេធកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ឈប់ការប្រយុទ្ធបើសិនពុំមានបរាជ័យទាំងស្រុងពីក្រុមហាម៉ាស។ នៅតំបន់ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនជាច្រើនបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅលីបង់ ក៏នឹងនាំមកនូវការបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះផងដែរ។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៤១.៤០០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងការវាយលុករយៈពេលជិតមួយឆ្នាំមកនេះ ដែលអ៊ីស្រាអែល បានចាប់ផ្តើមបន្ទាប់ពីក្រុមឧទ្ទាមហាម៉ាស បានវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន សម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៥០នាក់៕