លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានជួបលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ខណៈមេដឹកនាំអ៊ុយក្រែនបានស្វែងរកការគាំទ្របន្ថែមទៀតនៅមុនការបោះឆ្នោតសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ។

កិច្ចប្រជុំជាបន្តបន្ទាប់នៃទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃព្រហស្បតិ៍បានកើតឡើងស្របពេលលោក Zelenskyyអំពាវនាវឱ្យមានជំនួយយោធារបស់សហរដ្ឋអាមេរិកបន្ថែមទៀតដល់ប្រទេសរបស់លោកដែលកំពុងប្រយុទ្ធដោយមិនខ្វល់ពីអ្នកឈ្នះឬចាញ់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ទាំងលោក Bidenទាំងលោកស្រី Harris បានសន្យាបន្តគាំទ្រដល់ទីក្រុង Kyiv ទន្ទឹមនឹងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតីអាមេរិក Donald Trump និងសមាជិកបក្សមួយចំនួនមកពីគណបក្សរបស់លោកនៅតែបន្តចោទសួរលើបញ្ហានេះ។
មុនជំនួបទល់មុខគ្នាជាមួយលោក Zelenskyy លោក Bidenបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រតាមសេចក្ដីត្រូវការដើម្បីឈ្នះសង្រ្គាមនេះ។

អំឡុងជំនួបជាមួយមេដឹកនាំអ៊ុយក្រែន លោកស្រី Kamala Harris បានរិះគន់គោលនយោបាយ ចុះចាញ់របស់លោកDonald Trump លើបញ្ហាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ខណៈគណបក្សសាធារណរដ្ឋ បាននិយាយថាលោកនឹងជួបប្រធានាធិបតីអ៊ុយក្រែន ទោះមានជម្លោះដ៏ជូរចត់ជុំវិញសង្គ្រាមជាមួយរុស្ស៊ីក៏ដោយ៕