នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍នឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សន្តិភាព និងទេសចរណ៍»។ តាមរយៈព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍បានប្តេជ្ញាអនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបង្កើនការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជាពង្រឹងគុណភាពផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ជាដើម ក្នុងគោលដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤នេះ ប្រារព្ធក្នុងគោលបំណង ស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នានូវវប្បធម៌ដ៏សម្បូបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាពជាឈ្នាន់ រួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សព្វផ្សារ និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក។
តាមរយៈទិវាទេសចរណ៍ពិភពលោកនេះដែរ ឯកឧត្តម ជុក ជំនោរ អគ្គនាយក អគ្គនាយដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានយប់ថ្ងៃទី២៦ ខែកញ្ញានេះក៏បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅក្នុងអណត្តិទី៧នេះ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាច្រើន តាមផែនទីបង្អុលផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបាននិងកំពុងអនុវត្តយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤ យុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា ឥណ្ឌា និងយុទ្ធនាការឆ្នាំផ្លាស់ប្តូរទស្សនៈកិច្ចប្រជាជនកម្ពុជា ចិន សម្រេចបានលទ្ធផលផែ្លផ្កាជាច្រើន ក្រោមម្លប់សន្តិភាព។
នៅក្នុងសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ដែលពិភពលោកតែងប្រារព្ធនៅរៀងរាល់ឆ្នាំ នៅថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចបានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប និងក្រសួងស្ថាប័នរដ្ឋ ឯកជន និងអង្គការសមាគមជាតិអន្តរជាតិពាក់ព័ន្ធទាំងអសសូមគាំទ្រ និងរក្សាឲ្យបានសុខសន្តិភាព វិបុលភាពទោះក្នុងតម្លៃណាក៏ដោយ មានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសរួមគ្នាអភិរក្សវិស័យទេសចរណ៍វប្បធម៌ ធម្មជាតិ សហគមន៍ទេសចរណ៍ ការពារបរិស្ថាន ជំរុញបង្កើនគុណភាពផលិផលទេសចរណ៍ សេវាកម្មទេសចរណ៍ សុវត្ថិភាពទេសចរ រក្សាស្នាមញញឹមរួសរាយ បដិសណ្ឋារកិច្ចល្អ ការជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត និង ប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងសាកសម កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ៕ អត្ថបទ ស៊ុម សុខជា