ក្រុមហ៊ុនបណ្តាញផ្លូវរថភ្លើង Network Rail នៅចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងស៊ើបអង្កេត «ឧប្បត្តិហេតុសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត» ដែលបានធ្វើឲ្យរំខានដល់បណ្តាញ Wi-Fi សាធារណៈ នៅតាមស្ថានីយ៍រថភ្លើងធំៗមួយចំនួនរបស់ប្រទេស។

អ្នកដំណើរដែលព្យាយាមភ្ជាប់ Wi-Fi នៅតាមស្ថានីយ៍នានា រួមទាំងស្ថានីយចំនួន១១ នៅទីក្រុងឡុងដ៍ បានជួបជាមួយទំព័រដែលមានអំណានថា «យើងស្រឡាញ់អ្នក អឺរ៉ុប» បន្ទាប់មកមានសារប្រឆាំងសាសនាឥស្លាម ដែលរាយបញ្ជីការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅអឺរ៉ុប នេះបើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ក្រុមហ៊ុនបណ្តាញផ្លូវរថភ្លើង Network Rail ដែលធ្វើប្រតិបត្តិការនៅស្ថានីយ៍ជាច្រើនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា Wi-Fi ដែលផ្តល់ដោយក្រុមហ៊ុនភាគីទីបី ត្រូវបានផ្អាក។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា សេវាកម្ម Wi-Fi របស់យើង គឺ «មានដោយខ្លួនឯង និងជាសេវាកម្ម ចុច និងភ្ជាប់(click & connect) ធម្មតា ដែលមិនប្រមូលទិន្នន័យផ្ទាល់ខ្លួនណាមួយឡើយ។