ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃសុក្រ (២៧ កញ្ញា) នេះថា កូរ៉េខាងត្បូង នឹងប្រើប្រាស់មូលនិធិធានារ៉ាប់រងសុខភាពចំនួន ១០សែនកោដិ៍វ៉ុន (៧,៥៩ពាន់លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ ដើម្បីដំឡើងថ្លៃសេវាឧបត្ថម្ភដែលវេជ្ជបណ្ឌិតទទួលបានសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរ ខណៈកូដកម្មគ្រូពេទ្យហាត់ការបានបង្កផលប៉ះពាល់ដល់ប្រព័ន្ធវេជ្ជសាស្រ្ត។

ក្រសួងបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា វិធានការនេះនឹងជំរុញឱ្យមន្ទីរពេទ្យរដ្ឋសំខាន់ៗផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការព្យាបាលធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ឬជំងឺកម្រ ហើយជាផ្នែកមួយនៃការជំរុញឱ្យកាត់បន្ថយការពឹងផ្អែកបន្តិចម្តងៗលើគ្រូពេទ្យហាត់ការ ដែលគួរតែផ្តោតលើការបណ្តុះបណ្តាល។

គ្រូពេទ្យកម្មសិក្សាការីរាប់ពាន់នាក់ រួមទាំងអ្នកហាត់ការ និងគ្រូពេទ្យប្រចាំទីតាំង បានដើរចេញពីការងារកាលពីខែកុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងផែនការបង្កើនចំនួននិស្សិតពេទ្យចំនួន ២.០០០នាក់ក្នុងមួយឆ្នាំ ដើម្បីបំពេញនូវអ្វីដែលរដ្ឋាភិបាលលើកឡើងថាជាកង្វះវេជ្ជបណ្ឌិតធ្ងន់ធ្ងរ។ មន្ទីរពេទ្យជាច្រើនដែលពឹងផ្អែកលើគ្រូពេទ្យហាត់ការ ត្រូវបង្ខំចិត្តទុកអ្នកជំងឺបន្ទប់សង្គ្រោះបន្ទាន់ចោល ដោយលើកឡើងពីកង្វះបុគ្គលិក ខណៈគ្រូពេទ្យមានស្រាប់បានជួបប្រទះនឹងបន្ទុកការងារកាន់តែធ្ងន់។

ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានធ្វើកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីកាត់បន្ថយសម្ពាធលើប្រព័ន្ធវេជ្ជសាស្ត្រ រួមទាំងការដាក់ពង្រាយគ្រូពេទ្យយោធា ដើម្បីជួយដល់សេវាសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ និងស្នើឱ្យសាធារណជនចៀសវាងការចូលបន្ទប់សង្គ្រោះបន្ទាន់ ប្រសិនបើមិនមានរោគសញ្ញាធ្ងន់ធ្ងរ៕