ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានយកឈ្នះក្រុមម្ចាស់ផ្ទះសមាគមកីឡាខេត្តមណ្ឌលគិរី ៣-០ ក្នុងជំនួបបើកឆាកពូលG នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) ស្របពេលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង និងសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ បានត្រឹមចែកគ្នា ១ពិន្ទុពីការប្រកួតដំបូង ក្នុងពូលF កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។
សម្រាប់ការប្រកួតនៅទីលានអនុវិទ្យាល័យ ហ៊ុន សែន សែនមនោរម្យក្រុ មមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ រហូតរកបាន ៣គ្រាប់ជាបន្ដបន្ទាប់ ដែលធ្វើសម្រេចដោយកីឡាករ ជា ណាវីន ២គ្រាប់ នៅនាទី៤០ និងនាទី៤៧ ខណៈ ១គ្រាប់ទៀត រកបានដោយកីឡាករ សុក្រី អ៊ីសាន នៅនាទី៨៣ ខណៈសមាគមកីឡាខេត្តមណ្ឌលគិរី មិនអាចទម្លាយរបាំងការពារក្រុមភ្ញៀវបានឡើយ ។
ចំណែកការប្រកួតទីលានសាលាបឋមសិក្សាស្ទឹងត្រែងវិញ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ។ ជំនួបដ៏តានតឹងនេះ ក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង បានបើកការនាំមុខ ១គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ណាត ភក្ដី នៅនាទី៤១ ។ ប៉ុន្ដែចូលវគ្គទី២ មិនទាន់បាន ១០នាទីផង កីឡាករ នន់ មានុត ក៏រកបានគ្រាប់តាមស្មើឲ្យសមាគមកីឡាខេត្តកំពង់ធំវិញ នៅនាទី៥៧ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ការប្រកួតពេញម៉ោងតែម្ដង ។
ជាមួយលទ្ធផលនេះដែរ នាំឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ឡើងឈរកំពូលតារាងពូលG បណ្ដោះអាសន្ន ស្របពេលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង និងសមាគមកីឡាខេត្តកំពង់ធំ បានត្រឹមឈរលេខ១ និងលេខ២ ដោយរកបាន ១ពិន្ទុស្មើគ្នា មុនបន្ដការប្រកួតក្រោយសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលឆាប់ៗខាងមុខ៕ អត្ថបទ លី ឈុនឡា
