ក្រសួងការបរទេសស៊ីរី បាននិយាយថា ជនភៀសខ្លួនស៊ីរី ២៣ នាក់ ភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការវាយប្រហារតាមអាកាសលើតំបន់ Younine នៅប្រទេសលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងបាននិយាយថា ការវាយប្រហារតាមអាកាស ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលកងកម្លាំងអ៊ីស្រាអែលវាយប្រហារនៅព្រំដែនឆ្លងកាត់តំបន់ Matrabah រវាងប្រទេសលីបង់ និងស៊ីរី ដោយបានធ្វើឱ្យជនភៀសខ្លួនច្រើននាក់រងរបួសខណៈកំពុងភៀសខ្លួនចេញពីអំពើហិង្សា។
សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានដាក់គោលដៅលើជនស៊ីវិលស្លូតត្រង់ដោយចេតនា រួមទាំងជនភៀសខ្លួនដែលកំពុងស្វែងរកទីសុវត្ថិភាព។

សេចក្តីថ្លែងការណ៍ បានថ្កោលទោសការមិនយកចិត្តទុកដាក់របស់អ៊ីស្រាអែលចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្ស ដោយនិយាយថា សកម្មភាពរបស់អ៊ីស្រាអែល បង្ហាញពីការព្រងើយកន្តើយជាយូរមករបស់ខ្លួន ចំពោះជីវិតមនុស្ស។
ក្រសួង បានជំរុញសហគមន៍អន្តរជាតិឱ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការរំលោភច្បាប់អន្តរជាតិដដែលៗរបស់ខ្លួន និងដើម្បីទប់ស្កាត់ការកើនឡើងអំពើហិង្សានៅក្នុងតំបន់។