សេវាព័ត៌មានសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Vladimir Zelensky) មេដឹកនាំសហរដ្ឋអាមេរិកលោក លោក ចូ បៃដិន (Joe Biden) បានពិភាក្សាអំពីទស្សនវិស័យ ការទូត សេដ្ឋកិច្ច និងយោធានៃផែនការសន្តិភាព ដែលបានស្នើឡើងរបស់រដ្ឋាភិបាលទីក្រុងគីវ។

សេចក្តីថ្លែងការណ៍ បាននិយាយថា៖«លោកប្រធានាធិបតី បៃដិន បានគូសបញ្ជាក់ពីការសម្រេចចិត្តរបស់លោកក្នុងការបង្កើនជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ហើយលោកប្រធានាធិបតី ហ្សេឡិនស្គី បានបង្ហាញផែនការរបស់ខ្លួន ដើម្បីសម្រេចបាននូវជ័យជម្នះលើប្រទេសរុស្ស៊ី។ មេដឹកនាំទាំងពីរ បានពិភាក្សាអំពីទិដ្ឋភាពការទូត សេដ្ឋកិច្ច និងយោធានៃផែនការរបស់លោកប្រធានាធិបតី ហ្សេឡិនស្គី ហើយបានប្រគល់ភារកិច្ចឲ្យក្រុមរបស់ពួកគេ ដើម្បីចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការពិគ្រោះយោបល់ទាក់ទងនឹងជំហានបន្ទាប់តទៅទៀត»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ លោកប្រធានាធិបតី បៃដិន នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតមេដឹកនាំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅប្រទេសអាល្លឺម៉ង់ ដែលមេដឹកនាំទាំងពីរ នឹងពិនិត្យមើលវឌ្ឍនភាពលើការពិគ្រោះយោបល់ទាំងនេះ និងសម្របសម្រួលជាមួយដៃគូអន្តរជាតិស្តីពីជំនួយបន្ថែមសម្រាប់អ៊ុយក្រែន។ លោកប្រធានាធិបតី បៃដិន ត្រូវបានប្តេជ្ញា ផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រដែលខ្លួនត្រូវការ ដើម្បីឈ្នះសង្គ្រាមនេះ»។
មុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេលេនស្គី បាននិយាយថា លោកបានរៀបចំផែនដោះស្រាយជម្លោះ ដែលលោកមានបំណងពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ខណៈដែលលក្ខខណ្ឌមួយចំនួន អាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក ក៏មានគម្រោងបង្ហាញផែនការដល់បេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកស្រី Kamala Harris ផងដែរ។