សមាជិកព្រឹទ្ធសភាលោក Shehu Sani ជាអ្នកនយោបាយជាន់ខ្ពស់នីហ្សេរីយ៉ាម្នាក់ ដែលតំណាងឲ្យសមាជិកព្រឹទ្ធសភា Kaduna Central នៅសភាជាន់ខ្ពស់នីហ្សេរីយ៉ា បាននិយាយថា អំពើប្រល័យពូជសាសន៍អ៊ីស្រាអែលលើជនស៊ីវិលនៅតំបន់ហ្កាហ្សានៃដែនដីប៉ាឡេស្ទីន និងទីក្រុងបេរូត ក្នុងប្រទេសលីបង់ បានបង្ហាញពីការបរាជ័យរបស់ពិភពលោក ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន ហើយក៏បានបង្ហាញពីភាពអសមត្ថភាពរបស់អង្គការសហប្រជាជាតិ ដែលបរាជ័យក្នុងការបញ្ឈប់អំពើឃោរឃៅ និងអមនុស្សធម៌របស់អ៊ីស្រាអែល។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Iran Press នៅទីក្រុងអាប៊ូចា( Abuja) លោក Shehu Sani ដែលជាប្រធានសភាសិទ្ធិស៊ីវិលនៃប្រទេសនីហ្សេរីយ៉ា (CRCN) បាននិយាយថា៖«អ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាឥឡូវនេះ មិនមែនគ្រាន់តែនិយាយអំពីសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកឡើងអំពីមនុស្សជាតិផងដែរ។
នេះជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលសោកនាដកម្មបែបនេះ កើតឡើងក្នុងទម្រង់នៃការសម្លាប់រង្គាល បាននិងកំពុងប្រព្រឹត្តទៅដោយគ្មានឧបសគ្គ និងគ្មានការទប់ស្កាត់ ជាពិសេសដោយប្រទេសដែលបង្ហាញខ្លួនឯងថា ជាមហាអំណាច និងមហាអំណាចនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យក្នុងពិភពលោក។ ការសម្លាប់មនុស្សស្លូតត្រង់នៅតំបន់ហ្កាហ្សា និងឥឡូវនេះ នៅលីបង់ គឺជាគ្រោះមហន្តរាយដែលនឹងបន្តដេញតាមមនុស្សជាតិទាំងមូល»។
សកម្មជនសិទ្ធិមនុស្សរូបនេះ បានសង្កត់ធ្ងន់ថា៖«អ្វីដែលយើងបានឃើញនៅក្នុងទីក្រុងបេរូត គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយអំពីរបៀបដែលពិភពលោក បានបរាជ័យក្នុងការដោះស្រាយបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល ហើយនេះ ក៏បានបង្ហាញពីការមិនអើពើ ភាពគ្មានប្រសិទ្ធភាព និងភាពអសមត្ថភាព របស់អង្គការសហប្រជាជាតិផងដែរ»។