ការិយាល័យរបស់លោក បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេសលោក Cho Tae-yul បានសម្តែងក្តីសង្ឃឹមថា នឹងមានឱកាសកាន់តែច្រើនសម្រាប់កូរ៉េខាងត្បូង និងអ៊ីរ៉ង់ ដើម្បីពង្រីកភាពជាដៃគូរបស់ពួកគេ ក្រោមថ្នាក់ដឹកនាំថ្មី។

លោក Cho បានសម្តែងការរំពឹងទុករបស់ខ្លួន ក្នុងអំឡុងពេលកិច្ចចរចាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyyed Abbas Aragchi ដែលបានធ្វើឡើងនៅខាងក្រៅវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍។
ក្រសួង បាននិយាយថា ដោយកត់សម្គាល់ថា រដ្ឋាភិបាលអ៊ីរ៉ង់ថ្មីដែលដឹកនាំដោយប្រធានាធិបតីកំណែទម្រង់លោក Masoud Pezeshkian បានសង្កត់ធ្ងន់លើការសន្ទនា និងការចូលរួមជាមួយលោកខាងលិច លោក Cho បាននិយាយថា លោករំពឹងថា វិធីសាស្រ្តរបស់ទីក្រុងតេអេរ៉ង់ នឹងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់កូរ៉េខាងត្បូង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការកើនឡើងភាពតានតឹង នៅមជ្ឈិមបូព៌ា ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់។
យោងតាមក្រសួងបានឲ្យដឹងថា លោក Cho បានស្នើសុំឲ្យអ៊ីរ៉ង់ដើរតួ «ស្ថាបនា» ក្នុងការធ្វើឲ្យមានស្ថិរភាពក្នុងតំបន់ និងបានអំពាវនាវឲ្យមានការអត់ធ្មត់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់សង្គ្រាមមិនឲ្យរាលដាលកាន់តែធំឡើង។