រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា គោលនយោបាយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប(EU)ប្រឆាំងនឹងរុស្ស៊ី គឺគ្មានអ្វីក្រៅពីបរាជ័យនោះទេ។

លោកបានថ្លែងប្រាប់សារព័ត៌មាន TASS នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិថា៖«ជាការប្រសើរណាស់ ជំហររបស់យើង មានភាពច្បាស់លាស់ នៅពេលនិយាយអំពីការដាក់ទណ្ឌកម្ម។ យើងចាត់ទុកគោលនយោបាយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបថា ជាការបរាជ័យទាំងស្រុង»។
យោងតាមលោកSzijjarto វិធានការរឹតត្បិតរបស់ EU ប្រឆាំងនឹងរុស្សី គ្មានវិធីណាជួយសម្រេចបាននូវគោលដៅ ដែលមានបំណងនាំមកនូវដោះស្រាយជម្លោះនៅអ៊ុយក្រែនបានទេ ហើយថែមទាំង បានបង្កការខូចខាតដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសអឺរ៉ុបច្រើនជាងរុស្ស៊ីទៀតផង។
លោកបានចង្អុលបង្ហាញថា៖«វាច្បាស់ណាស់ថា យើងបានទទួលរងពីអតិផរណាកើនឡើងយ៉ាងខ្លាំង។ យើងបានទទួលរងពីការកើនឡើងតម្លៃថាមពលយ៉ាងឆាប់រហ័ស។ ពួកវាទាំងពីរ គឺជាផលវិបាកនៃរបបទណ្ឌកម្ម»។
លើសពីនេះ រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ បានបញ្ជាក់ថា បណ្តាប្រទេស និងក្រុមហ៊ុនលោកខាងលិចធំៗ គឺគ្រាន់តែគេចវេសពីទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលពួកគេបានដាក់។ លោកបានសន្និដ្ឋានថា៖«ដូច្នេះវាជាការលាក់ពុត វាគឺរឿងគ្មានន័យ ហើយវាបានបរាជ័យទាំងស្រុង។ នេះគឺជាគំនិតខ្លីរបស់ខ្ញុំអំពីគោលនយោបាយដាក់ទណ្ឌកម្ម»។