បាល់ទាត់៖ នៅពេលដែលការសាងសង់បានបញ្ចប់ កាតានឹងមានកីឡដ្ឋាន World Cup លើកដំបូងដែលប្រើប្រាស់ហើយអាចរុះរើចេញវិញបានគឺកីឡដ្ឋាន Ras Abu Aboud នៅទីក្រុងដូហា។ ការរចនាសាងសង់កីឡដ្ឋាន World Cup នៅទីក្រុងដូហាប្រទេសកាតា គ្រប់ផ្នែកនៃកីឡដ្ឋានត្រូវបានផ្គុំនឹងសាងសង់ឡើងដែលសុទ្ធតែអាចរុះរើបានទាំងអស់ ពោលគឺគ្រប់បំណែកទាំងអស់ត្រូវបានផ្ទុកនៅក្នុងកុងតឺន័រ ដែលបានដឹកជញ្ជូនមកដល់ទីតាំងសាងសង់។

នៅក្នុងកុងតឺន័រនីមួយៗដែលដឹកមកគឺមានគ្រប់ផ្នែកនៃកីឡដ្ឋានមិនថា ការិយាល័យ បន្ទប់ទឹក កៅអីអង្គុយជាដើម។ បើតាមអ្នកគ្រប់គ្រងគំរោងសាងសង់បានអោយដឹងថា ការសាងសង់ត្រូវបានគិតយ៉ាងលំអិតដោយធ្វើយ៉ាងណា ឲ្យគ្រប់ផ្នែកនៃកីឡដ្ឋានទាំងអស់នឹងអាចប្រើប្រាស់បន្តទៀតនៅពេលរុះរើចេញ មិនថាដំបូល រឺក៏ដែកផ្សេងៗ។ គំរោងសាងសង់នេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ដែលជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋាន ៧ ដែលកាតាសាងសង់ហើយរុះរើចេញវិញក្រោយ World Cup ២០២២ បញ្ចប់។ កុងតឺន័រដឹកសំភារៈកីឡដ្ឋានចំនួន ១០០០កុងតឺន័ត្រូវបាននាំចូលពីប្រទេសចិន។
ក្រោយបញ្ចប់ World Cup ២០២២ កីឡដ្ឋាននេះនឹងត្រូវរុះរើចេញវិញដាក់ចូលក្នុងកុងតឺន័រទាំងនោះ ដែលអាចយកទៅសាងសង់កីឡដ្ឋាននៅកន្លែងផ្សេង ប្រទេសផ្សេងបាន ហើយអាចសាងសង់បានពីរកីឡដ្ឋានក៏បាន ដោយសារកីឡដ្ឋានមួយនេះធំអាចផ្ទុកទស្សនិកជនបាន ៤០០០០នាក់។ កាតាបានសម្ពោធកីឡដ្ឋាន Al Janoub នៅទីក្រុង Al Wakrah ដែលនឹងត្រូវប្រើប្រាស់នៅ World Cup។ គំរោងចំណាយលើការសាងសង់កីឡដ្ឋាន Ras Abu Aboud ត្រូវបានគេដឹងថា មានតំលៃថោកជាង ១៥ ទៅ ២៥% នៃកីឡដ្ឋានធម្មតា៕
អត្ថបទ៖នាង សុភាវុធ