មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ថា នាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរថ្មីបំផុតរបស់ចិន បានលិចនៅក្នុងឆ្នាំនេះ ដែលអាចជារឿងមិនចង់ឱ្យគេដឹងសម្រាប់ទីក្រុងប៉េកាំង ខណៈខ្លួនស្វះស្វែងរកការពង្រីកសមត្ថភាពយោធា។
ប្រទេសចិន មានកងទ័ពជើងទឹកដ៏ធំបំផុតនៅលើពិភពលោករួចទៅហើយ ដែលមាននាវាជាង ៣៧០គ្រឿង ហើយបានចាប់ផ្តើមផលិតនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរជំនាន់ថ្មី។ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរដ៏ទំនើបបំផុតថ្មីមួយគ្រឿងរបស់ចិន បានលិចនៅក្បែរកំពង់ផែមួយនៅចន្លោះខែឧសភា និងខែមិថុនា ឆ្នាំនេះ។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន និយាយថា ខ្លួនមិនមានព័ត៌មានដើម្បីផ្តល់ជូនជុំវិញរឿងនេះទេ។ មន្ត្រីអាមេរិករូបនោះនិយាយថា គេមិនច្បាស់ទេពីមូលហេតុដែលបណ្តាលឱ្យនាវានោះលិច ឬថាតើនាវានោះមានផ្ទុកឥន្ធនៈនុយក្លេអ៊ែរនៅលិចឬយ៉ាងណាទេ។
ព័ត៌មានពីនាវាមុជទឹករបស់ចិននេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Wall Street Journal។ រូបភាពផ្កាយរណបជាបន្តបន្ទាប់ពីទីភ្នាក់ងារ ផ្លេណិត លែបស៍ (Planet Labs) កាលពីខែមិថុនា ហាក់ដូចជាបង្ហាញយានស្ទូចនៅមូលដ្ឋានផលិតនាវា អ៊ុឆាង (Wuchang) ជាទីដែលនាវាមុជទឹកនោះបានចូលចត។
គិតត្រឹមឆ្នាំ២០២២ ប្រទេសចិន មាននាវាមុជទឹកមីស៊ីលបាលិស្ទិកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៦គ្រឿង នាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ ៦គ្រឿង និងនាវាមុជទឹកប្រយុទ្ធដើរដោយថាមពលម៉ាស៊ូត ៤៨គ្រឿង នេះបើយោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណស្តីពីយោធារបស់ចិន។ ក្រសួងការពារជាតិអាមេរិកនិយាយថា កម្លាំងនាវាមុជទឹកនោះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦៥គ្រឿង នៅឆ្នាំ២០២៥ និង ៨០គ្រឿង នៅឆ្នាំ២០៣៥៕