រដ្ឋមន្រ្តីការបរទេសលីបង់លោក Abdallah Bouhabib បានអំពាវនាវសារជាថ្មីឲ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡា ហើយនិងបានព្រមានថា ប្រទេសរបស់លោកប្រឈមនឹងវិបត្តិដែលគំរាមកំហែងដល់អត្ថិភាពរបស់ពួកគេ ។
លោក Bouhabib បាននិយាយនៅក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាទអង្គការសហប្រជាជាតិ(UN)នៅបុរីញូវយ៉កថា អនាគតពលរដ្ឋរបស់ពួកយើង និងវិបុលភាពរបស់ពួកយើង ស្ថិតក្នុងគ្រោះថ្នាក់ ហើយនេះគឺជាស្ថានភាពមួយដែលត្រូវការអន្តរាគមន៍អន្តរជាតិលើមូលដ្ឋានបន្ទាន់ មុនពេលស្ថានភាពលែងអាចគ្រប់គ្រងបាន ជាមួយនឹងឥទ្ធិពលដូមីណូ ធ្វើឲ្យវិបត្តិលែងអាចទប់ស្កាត់ជាប់។
សេចក្តីអត្ថាធិប្បាយរបស់លោក Bouhabib បានកើតមានឡើង ក្រោយអ៊ីស្រាអែល ច្រានចោលការអំពាវនាវរបស់ពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ឲ្យមានបទឈប់បាញ់ ដោយពួកគេមិនស្តាប់តាមបង្គាប់របស់សម្ព័ន្ធមិត្តធំបំផុតរបស់ខ្លួននៅទីក្រុងវ៉ាស៊ីងតោន និងជំរុញឲ្យបន្តការវាយប្រហារដែលបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសលីបង់ និងធ្វើឲ្យកើតមានក្តីបារម្ភចំពោះសង្រ្គាមក្នុងតំបន់ពេញបន្ទុក។
លោក Bouhabib បន្តថា នៅថ្ងៃនេះ ពួកយើងសូមលើកឡើងជាម្តងទៀតពីការអំពាវនាវរបស់ពួកយើងឲ្យមានបទឈប់បាញនៅតាមសមរភូមិមុខទាំងអស់ ។
បើទោះបីជាមានគោលជំហររឹងមាំរបស់អ៊ីស្រាអែលបែបនេះក្តី សហរដ្ឋអាមេរិក និងបារាំង បានស្វះស្វែងរក្សាការរំពឹងទុកសម្រាប់បទឈប់បាញ់រយៈពេល ២១ថ្ងៃជាបន្ទាន់ ដែលពួកគេបានស្នើសុំកាលពីថ្ងៃពុធ ហើយពួកគេនិយាយថា កិច្ចចរចានៅបន្ត រួមទាំងនៅក្រៅកិច្ចប្រជុំ UNនៅបុរីញូវយ៉កផងដែរ ។
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ជាយនៃរដ្ឋធានី Beirut ដោយបានសម្លាប់មនុស្ស ២នាក់ និងមនុស្ស ១៥នាក់ផ្សេងទៀត រងរបួស រួមទាំងស្រ្តីម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ធ្វើឲ្យចំនួនមនុស្សស្លាប់កាលពីថ្ងៃព្រហស្បតិ៍កើនឡើងដល់ ២៨នាក់ និងធ្វើឲ្យមនុស្សស្លាប់សរុប កើនឡើងដល់ជាង ៦០០នាក់ ចាប់តាំងពីថ្ងៃចន្ទរហូតមក ៕