បន្ទាប់ពីព្យាយាម ៥ដង អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba នៅទីបំផុត នឹងបានក្លាយជាអ្នកដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) និងប្រទេសជប៉ុនហើយ។
អ្នកនយោបាយជើងចាស់ លោក Ishiba ដែលបានកាន់តំណែងជាអគ្គលេខាធិការបក្សផងដែរនោះ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានបក្ស LDP នៅថ្ងៃសុក្រនេះ ដោយបានយកឈ្នះរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោក Sanae Takaichi ក្នុងការបោះឆ្នោតជុំទី២ ហើយនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយ បន្ទាប់ពីការបោះឆ្នោតសភា។
លោក Ishiba បានឈ្នះការបោះឆ្នោតជុំទី២ ជាមួយនឹងសំឡេង ២១៥ ដោយ ១៨៩សំឡេងពីសមាជិកសភាបក្ស LDP បូកនឹង ២៦សំឡេងទៀតបានពីសាខាបក្ស LDP នៅមូលដ្ឋាន ដោយឈ្នះលោក Takaichi ដែលបានទទួល ១៩៤សំឡេង។ សម្រាប់ការបោះឆ្នោតជុំដំបូង ក្នុងចំណោមបេក្ខជន ៨នាក់ផ្សេងទៀត លោកទទួលបានសំឡេងគាំទ្រ ១៥៤សំឡេង ដោយបានឆ្លងទៅជុំបោះឆ្នោតសម្រេចទល់នឹង Takaichi ដែលបានទទួល ១៨១សំឡេង។
តែយ៉ាងណាក្ដី នៅថ្ងៃចុងក្រោយនៃយុទ្ធនាការនេះ លោក Ishiba បានប្រឹងប្រែងរហូតទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រីលោក Fumio Kishida និងលោក Taro Aso ដែលជាអនុប្រធានគណបក្ស។ លោកបាននិយាយថា លោកចង់បន្តគោលនយោបាយសេដ្ឋកិច្ចជាមូលដ្ឋានរបស់លោក Kishida ហើយថែមទាំងបានជួបជាមួយ លោក Aso នៅយប់ថ្ងៃព្រហស្បតិ៍ ដែលជាកិច្ចប្រឹងប្រែងដើម្បីទទួលបានការគាំទ្រពីអនុប្រធានរូបនេះ៕