ធនាគារពិភពលោក៖ ធនាគារពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ការងើបឡើងវិញនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកត្រូវបានរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលរាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងធ្វើឲ្យមានវិសមភាពកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

សកម្មភាពសេដ្ឋកិច្ចបានចាប់ផ្តើមយឺតយ៉ាវនៅត្រីមាសទី២ នៃឆ្នាំ២០២១ ហើយការព្យាករណ៍កំណើនសេដ្ឋកិច្ចត្រូវបានកាត់បន្ថយ សម្រាប់ប្រទេសភាគច្រើននៅក្នុងតំបន់នេះ នេះបើយោងតាមរបាយការណ៍វិវត្តន៍ថ្មីនៃសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកនៅឆ្នាំ២០២១ នេះ។ ធនាគារពិភពលោកបាននិយាយថា ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៨,៥% តំបន់ផ្សេងទៀតត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ២,៥% ជិត ២% តិចជាងការព្យាករណ៍កាលពីខែមេសា ឆ្នាំ២០២១។
លោកស្រី Manuela Ferro អនុប្រធានធនាគារពិភពលោកប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានឲ្យដឹងថា ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកប្រឈមនឹងការធ្លាក់ចុះជាថ្មីទៀត។ ម្យ៉ាងទៀតកាលពីឆ្នាំ២០២០ តំបន់នេះទប់ស្កាត់បាននូវការឆ្លងរាលដាលជំងឺ COVID-19 ស្របពេលដែលតំបន់ផ្សេងទៀតនៃពិភពលោក ព្យាយាមទល់ទល់នឹងការងើបឡើងនៃជំងឺ COVID-19 នៅឆ្នាំ២០២១ បានធ្វើឱ្យមានការស្រុតចុះខុសពីការរំពឹងទុកពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ នេះ៕
អត្ថបទ៖ សុខមាន