ភ្នំពេញ៖ នៅក្នុងរបាយការណ៍នៃកិច្ចប្រជុំខែកញ្ញា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមខុងារសាធារណៈ បានបង្ហាញថា ក្រសួងមុខងារសាធារណៈនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន ចំនួន៤ រួមមាន៖ ក្រសួងកសិកម្ម ចំនួន ១០០០នាក់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៦០៧នាក់ (រតនាគារជាតិ ចំនួន ១០០នាក់, ពន្ធដា ចំនួន ២៥៧នាក់, គយ ចំនួន ២៥០នាក់) សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ចំនួន ២៣០នាក់ ព្រមទាំងក្រសួងសុខាភិបាលជ្រើសរើសមន្ត្រីបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ។
របាយការណ៍បញ្ជាក់ថា នៅក្នុងចំណោមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះ ក៏មានការប្រឡងជ្រើសរើសសិស្សមន្ត្រីសម្រាប់សាលាភូមិន្ទរដ្ឋបាល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ឱ្យទៅបម្រើការងារនៅតាមរាជធានី ខេត្ត ចំនួន ៥០នាក់ និងសិស្សមន្ត្រីក្រមការ ឱ្យទៅបម្រើការងារនៅតាមក្រុង ស្រុក ចំនួន ១៨០នាក់។
ជុំវិញការរៀបចំការប្រឡងប្រជែងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការគ្នា ធ្វើឱ្យការប្រឡងកន្លងមកនេះ ទទួលបានការសាទរយ៉ាងផុលផុសគួរជាទីមោទនៈ ពីសំណាក់មហាជន និងថ្នាក់ដឹកនាំ៕









