សមាជិកលេខាធិការដ្ឋានសន្តិសុខសាធារណៈរដ្ឋ Guerrero ស្ថិតនៅភាគនិរតីប្រទេសម៉ិកស៊ិក បានចូលរួមប្រតិបត្តិការជួយសង្រ្គោះពលរដ្ឋដែលរងផលប៉ះពាល់ដោយសារព្យុះសង្ឃរា John ។
ក្រុមមន្រ្តីប្រើប្រាស់ខ្សែពួរ ដើម្បីជួយអ្នកស្រុកឆ្លងកាត់ផ្លូវរងការជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់។
ព្យុះសង្ឃរា John បានបង្កើនកម្លាំងរបស់វាម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ ពេលដែលវាបោកបក់ជាមួយភ្លៀងធ្លាក់ខ្លាំងលើតំបន់ឆ្នេរភាគនិរតីម៉ិកស៊ិក ធ្វើឲ្យជន់លិចកំពង់ផែ និងតំបន់ទេសចរណ៍ គឺជាតំបន់ដែលរងការជន់លិចរួចទៅហើយដោយសារប្រព័ន្ធព្យុះធ្វើដំណើរយឺតៗ កាលពីរយៈពេលជាច្រើនថ្ងៃកន្លងទៅ ។
ព្យុះ John បានបង្កការគំរាមកំហែងតំបន់ឆ្នេរចាប់តាំងពីថ្ងៃចន្ទរហូតមក ពេលដែលកម្លាំងរបស់វាម្តងខ្លាំង ម្តងខ្សោយ ធ្វើឲ្យប៉ះពាល់ដល់កំពត់ផែទំនិញធំៗ ធ្វើឲ្យបិទបណ្តោះអាសន្នអាកាសយានដ្ឋាន ក៏ដូចជាឆក់យកជីវិតមនុស្សយ៉ាងហោច ៥នាក់ ដែលភាគច្រើននៃពួកគេ បានស្លាប់ក្នុងហេតុការណ៍បំណាក់ដី ៕