រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកញ្ញា) បានអំពាវនាវឲ្យប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Nicolas Maduro ចូលរួមក្នុងកិច្ចសន្ទនាជាមួយក្រុមប្រឆាំង បន្ទាប់ពីមាននូវការបោះឆ្នោតដ៏ចម្រូងចម្រាសរបស់វ៉េណេហ្ស៊ុយអេឡា ដោយបន្ថែមថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដំណើរការបែបនេះ។
សហរដ្ឋអាមេរិក និងអាហ្សង់ទីន បានធ្វើជាសហប្រធានកិច្ចប្រជុំនៃបណ្តាប្រទេសចំនួន ៣១ ស្ដីពីបញ្ហាវ៉េណេស៊ុយអេឡា នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទោះបីជាប្រទេសក្នុងតំបន់សំខាន់ៗ មិនបានចូលរួម ឬចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលគាំទ្រការអំពាវនាវរបស់លោក Blinken ដើម្បីឲ្យមានកិច្ចពិភាក្សាក៏ដោយ។
លោក Blinken បាននិយាយថា៖ «យើងមកទីនេះ ដើម្បីរួបរួមការប្តេជ្ញាចិត្ត ក្នុងការការពារសិទ្ធិប្រជាជនវ៉េណេហ្ស៊ុយអេឡា និងប្តេជ្ញានាំឲ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដឹកនាំដោយវេណេហ្ស៊ុយអេឡា ដើម្បីស្តារអនាគតប្រជាធិបតេយ្យរបស់ប្រទេសនេះឡើងវិញ»។
លោកបានសង្កត់ធ្ងន់ថា៖ «នោះមានន័យថា ការទទូចឲ្យលោក Maduro ចូលរួមក្នុងការសន្ទនាដោយផ្ទាល់ជាមួយក្រុមប្រឆាំងប្រជាធិបតេយ្យបង្រួបបង្រួមរបស់វ៉េណេហ្ស៊ុយអេឡា ដែលនាំទៅរកការវិលត្រឡប់ទៅរកការមានលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធី។ សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន បានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីគាំទ្រដំណើរការនេះ»។
មន្ត្រីរៀបចំការបោះឆ្នោត និងតុលាការកំពូលរបស់ប្រទេសនេះ បានប្រកាសថា លោក Maduro ជាអ្នកឈ្នះការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដោយទទួលបានសំឡេង ៥២ភាគរយ។ ប៉ុន្តែក្រុមប្រឆាំងនិយាយថា ចំនួនសន្លឹកឆ្នោតបង្ហាញពីជ័យជម្នះដ៏លើសលប់ សម្រាប់បេក្ខជនរបស់ពួកគេ គឺលោក Edmundo Gonzalez ដែលពេលនេះបានស្នើសុំសិទ្ធិជ្រកកោន នៅប្រទេសអេស្ប៉ាញ៕